ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនបានច្រានចោលជម្រើសនៃការបញ្ជូនកងទ័ពជើងគោកទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។ លោក Macron បានអញ្ជើញមេដឹកនាំ និងរដ្ឋមន្ត្រី មកពីជាង ២០ប្រទេស ទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្សី បានឈានចូលដល់ឆ្នាំទី ៣។ អ្នកចូលរួមរួម រួមមានតំណាងមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
បន្ទាប់ពីកិច្ចប្រជុំ លោក Macron បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាផ្សេងៗ ត្រូវបានធ្វើឡើងដោយសេរី និងនិយាយត្រង់ៗ អំពីលទ្ធភាពនៃការបញ្ជូនកងទ័ពប្រទេសលោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកនិយាយថា ខណៈពុំមានការស្របមតិគ្នាជាឯកឯកច្ឆ័ន ក្នុងដំណាក់កាលនេះ ដូច្នេះគ្មានអ្វីនឹងត្រូវបញ្ចប់ឡើយ។ ជំហររបស់ប្រទេសបារាំង មិនបានបញ្ជាក់ច្បាស់ពីយុទ្ធសាស្ត្ររបស់ខ្លួននោះទេ ព្រោះគោលដៅ គឺមិនឲ្យរុស្ស៊ីទទួលជ័យជម្នះឡើយ។
សារព័ត៌មាន Reuters និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍នៅមុនកិច្ចប្រជុំថា នាយករដ្ឋ មន្ត្រីប្រទេសស្លូវ៉ាគី លោក Robert Fico ជាអ្នកដែលប្រឆាំងចំពោះការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនបាននិយាយថា ប្រទេសមួយចំនួន កំពុងពិចារណាការបញ្ជូនកងទ័ពទៅទីនោះ។
អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ ត្រូវបានគេនិយាយថា បានព្រមព្រៀងបង្កើតក្របខ័ណ្ឌថ្មីមួយ ក្នុងគោលបំណងផ្តល់ឱ្យអ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយឆ្ងាយ និងមធ្យម ជាច្រើនគ្រាប់បន្ថែមទៀត។
ខណៈសហរដ្ឋអាមេរិក នៅតែមិនច្បាស់លាស់ជុំវិញថាតើ ខ្លួននឹងបន្តបញ្ជូនជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ឬយ៉ាងណា ប្រទេសបារាំង បានផ្តួចផ្តើមគំនិតនេះ ដោយមានប្រទេសជាច្រើន ចូលរួមគាំទ្រ។