
លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បាននិយាយនៅក្នុងសេចក្តីអធិប្បាយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលនឹងមានឆន្ទៈក្នុងការផ្អាកសង្គ្រាមរបស់ខ្លួនលើក្រុមហាម៉ាស នៅតំបន់ហ្កា ហ្សាក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន នាពេលខាងមុខ ប្រសិនបើកិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ដើម្បីដោះលែងចំណាប់ថ្នូរមួយចំនួនដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធ។
ពុំមានប្រតិកម្មភ្លាមៗរបស់អ៊ីស្រាអែលចំពោះការអត្ថាធិប្បាយរបស់លោកបៃដិនលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែលកំពុងកើតឡើង ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូររាប់សិបនាក់ដែលខ្លួនបានចាប់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការផ្អាកប្រយុទ្ធគ្នារយៈពេល៦សប្តាហ៍។ ក្នុងអំឡុងពេលផ្អាកបណ្តោះអាសន្ន ការចរចានឹងបន្តលើការដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ និងអ្នកទោសប៉ាឡេស្ទីនបន្ថែមដែលអ៊ីស្រាអែលឃុំខ្លួន។
ការចាប់ផ្តើមនៃបុណ្យរ៉ាម៉ាដានដែលត្រូវនឹងថ្ងៃទី ១០ ខែមីនា ត្រូវបានគេមើលឃើញថា ជាថ្ងៃផុតកំណត់មិនផ្លូវការសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ ខែនេះ គឺជាពេលវេលានៃការគោរពសាសនាដ៏ខ្ពង់ខ្ពស់ និងការតមអាហារពីព្រឹកដល់ព្រលប់សម្រាប់ប្រជាជនម៉ូស្លីមរាប់រយលាននាក់ជុំវិញពិភពលោក។ ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីពេលកន្លងទៅ ក្នុងអំឡុងខែបុណ្យដ៏ពិសិដ្ឋនេះ។
លោកបៃដិន បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់ អាចចូលជាធរមាន នៅសប្តាហ៍ក្រោយ។