
មន្រ្តីមួយរូបរបស់ក្រសួងការពារជាតិក្រិក និយាយថា នាវាចម្បាំង Hydra របស់ក្រិក បានធ្វើដំណើរចាកចេញទៅកាន់សមុទ្រក្រហមកាលពីល្ងាចថ្ងៃចន្ទ ដើម្បីចូលរួមបេសកកម្មរបស់សហភាពអឺរ៉ុប ក្នុងការការពារនាវាពាណិជ្ជកម្មពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន ។
កាលពីព្រឹកថ្ងៃចន្ទ រដ្ឋាភិបាលក្រិក បានឯកភាពការចូលរួមរបស់ប្រទេសមួយនេះ នៅក្នុងបេសកកម្មកងទ័ពជើងទឹកសហភាពអឺរ៉ុប Eunavfor Aspides នៅក្នុងសមុទ្រក្រហម ។
គួរឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មជាច្រើន បានប្តូរទិសដៅធ្វើដំណើរនាវារបស់ពួកគេ បន្ទាប់ពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងតំបន់ភាគច្រើននៅយេម៉ែន ស្របពេលដែលក្រុមជីវពលមួយនេះ និយាយថា ពួកគេធ្វើរឿងបែបនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ក្រោយអ៊ីស្រាអែល និងក្រុមហាម៉ាស់ បង្កសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Pavlos Marinakis គឺជាអ្នកនាំពាក្យរដ្ឋាភិបាលក្រិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាសន្តិសុខក្រិក បានឯកភាពលើសំណើររបស់លោករដ្ឋមន្រ្តីការពារជាតិ Nikos Dendias ឲ្យចូលរួមបេសកកម្មរបស់សហភាពអឺរ៉ុប ។
រដ្ឋាភិបាលក្រិក និយាយថា វាសំខាន់ខ្លាំងណាស់ ដើម្បីចូលរួមបេសកកម្មមួយនេះ ពេលដែលការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី បានធ្វើឲ្យអាក់ខានសកម្មភាពនាវាពាណិជ្ជកម្មគ្រប់គ្រងដោយក្រិក នៅកំពង់ផែធំបំផុត Piraeus របស់ប្រទេសមួយនេះ ហើយនិងនាវាកុងតឺន័រមួយចំនួន បានឈប់ប្រើប្រាស់កំពង់ផែរបស់ពួកគេ ។
បារាំង អ៊ីតាលី និងអាល្លឺម៉ង់ បានចូលរួមផងដែរបេសកកម្មរបស់សហភាពអឺរ៉ុប ក្រោមស្លាក “Aspides” គឺជាភាសាក្រិកដែលមានន័យថា “ខែល” ។
នាវាគ្រប់គ្រងដោយក្រិកជាច្រើនគ្រឿង បានរងការវាយប្រហារនៅជិតប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣រហូតមក ដោយរងការខូចខាត ប៉ុន្តែពុំមានគ្រោះថ្នាក់នោះទេ ៕