
នគរបាលអូស្ត្រាលី នៅព្រឹកថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតបុរសវ័យ ៧១ឆ្នាំម្នាក់ ដោយសសង្ស័យថា បានវាយដំអ្នកថតរូប នៅទីក្រុងស៊ីដនី ដោយជនជាប់ចោទរូបនោះត្រូវបានកំណត់អត្តសញ្ញាណថា ជាឪពុករបស់តារាចម្រៀងស្រី Taylor Swift។
អ្នកនាំពាក្យនគរបាល លោកស្រី Alicia McCumstie បានប្រាប់សារព័ត៌មាន AFP ថា៖ «នគរបាលត្រូវបានផ្ដល់ព័ត៌មានថា បុរសវ័យ ៧១ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ថា បានវាយដំបុរសវ័យ ៥១ឆ្នាំម្នាក់ នៅកំពង់ផែ Neutral Bay Wharf ប្រហែលម៉ោង ២:៣០ព្រឹក (ម៉ោងក្នុងស្រុក) មុនពេលចាកចេញពីទីតាំងនោះ»។
យុវជនម្នាក់បានរាយការណ៍ពីហេតុការណ៍នេះ ហើយពេលនេះកំពុងត្រូវបានសាកសួរបន្តដោយមន្ត្រីនៅជាប់ទីបញ្ជាការតំបន់ឆ្នេរខាងជើង។ ជនរងគ្រោះដែលបានធ្វើចោទប្រកាន់ ឈ្មោះ Ben McDonald បានប្រាប់សារព័ត៌មាន AFP ថា បុរសនោះ គឺជាឪពុករបស់តារាចម្រៀង Swift ឈ្មោះ Scott Swift។
លោក McDonald បាននិយាយថា លោកបានថតរូបតារាចម្រៀងប៉ុបរបស់អាមេរិក នៅលើ «ទូកទំនើប» នៅឯ Sydney Harbor បន្ទាប់ពីបញ្ចប់ការសម្ដែងចុងក្រោយ ក្នុងចំណោមការសម្ដែងតន្ត្រីចំនួន ៤លើករបស់តារាចម្រៀងរូបនេះ នៅទីក្រុង។ លោក McDonald បានចោទប្រកាន់សន្តិសុខរបស់តារាចម្រៀង Swift បានយកឆ័ត្រដាក់ពាំងមុខរបស់លោក ដើម្បីកុំឲ្យលោកថតរូបនាង Taylor Swift ដែលកំពុងដើរចុះពីស្ពានសំដៅទៅកាន់រថយន្តដែលកំពុងរង់ចាំ។
បន្ទាប់ពីតារាចម្រៀង Swift ចាកចេញ លោក McDonald បានអះអាងថា បុរសម្នាក់បានប្រឈមមុខជាមួយលោក ហើយលោកប្រាប់ថា បុរសនោះបានដាល់លោកចំចង្កា។ លោកបានបន្តថា៖ «ខ្ញុំមិនដឹងថា អ្នកនោះជាអ្នកណាទេ ប៉ុន្តែខ្ញុំមើលរូបថត ហើយឃើញគាត់កាន់ដៃជាមួយតារាចម្រៀង Taylor ហើយអ្នកនោះគឺជាប៉ារបស់នាង»។ លោកបានបន្ថែមថា៖ «វាជាការភ្ញាក់ផ្អើលមួយ។ វាមិនដែលកើតឡើង ចំពោះរូបខ្ញុំក្នុងរយៈពេល ២៦ឆ្នាំ»។
យ៉ាងណាក្ដី នៅមិនទាន់មានការបកស្រាយពីភាគីដែលត្រូវបានចោទប្រកាន់នោះទេ។ នៅប្រទេសអូស្ត្រាលី នគរបាលជាធម្មតាមិនកំណត់អត្តសញ្ញាណបុគ្គលដែលត្រូវបានចោទប្រកាន់ ឬចោទប្រកាន់ពីបទឧក្រិដ្ឋជាសាធារណៈនោះឡើយ៕