ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 នៅទឹកដីអូស្ត្រាលីត្រូវបានប្រកាសលុបចោលជាលើកទី២ ដោយសារតែវិបត្តិនៃមេរោគរាតត្បាតសកល Covid-19។ ការប្រកួតប្រណាំងម៉ូតូ GP នៅអូស្ត្រាលីដែលគ្រោងធ្វើនៅថ្ងៃទី២៤ ខែតុលាឆ្នាំនេះក៏ត្រូវបានប្រកាសលុបចោលផងដែរ។

ការប្រកួត F1 នៅទីលាន Albert Park គ្រោងនឹងធ្វើនៅថ្ងៃទី១៩-២១ ខែវិច្ឆិកាត្រូវបានប្រកាសលុបចោលពីចម្ងាយតែម្តងទោះនៅសល់ ៤ខែទៀតទើបដល់ក៏ដោយ ស្របពេលដែលអូស្ត្រាលីកំពុងរឹតបន្តឹងខ្លាំងនៅតំបន់ព្រំដែនរដ្ឋនីមួយៗ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លង។ កាលពីឆ្នាំ២០២០ អូស្ត្រាលីក៏បានប្រកាសលុបចោលការប្រកួតនៅទីលាន Albert Park នេះដែរដែលជាទីលានបើករដូវកាលនៅថ្ងៃទី១៤ ខែមិនា។ ការដកខ្លួនរបស់អូស្ត្រាលីធ្វើឱ្យកាលវិភាគប្រកួត F1 នៅក្នុងខែវិច្ឆិកានៅសល់តែ ២ទីលានប៉ុណ្ណោះគឺនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត និង ទីលានបិទរដូវកាលទីក្រុង Abu Dhabi អារ៉ាប់រួម៕
អត្ថបទ៖នាង សុភាវុធ