
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) បាននិយាយថា បើគ្មានជំនួយយោធាថ្មីទេ ប្រទេសរបស់លោកនឹងមិនអាចការពារច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅ ដែលអនុញ្ញាតឲ្យទីក្រុងគីវ នាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនទៅកាន់ទីផ្សារពិភពលោកបាននោះទេ។
អ៊ុយក្រែនបានបើកដំណើរការច្រករបៀងដឹកជញ្ជូន ដែលនៅអែបៗឆ្នេរសមុទ្រខ្មៅភាគខាងលិចរបស់ខ្លួននៅជិតប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី កាលខែសីហា ពោលគឺមួយខែបន្ទាប់ពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងដ៏សំខាន់រយៈពេល ១ឆ្នាំ ដោយការព្រមព្រៀងគ្នានេះត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN) និងប្រទេសទួរគី ដែលបានអនុញ្ញាតឲ្យមានការនាំចេញតាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពនូវគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រមាណជា ៣៣លានតោន។
ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស បានឲ្យដឹងនៅខែនេះថា អ៊ុយក្រែនកំពុងស្ថិតនៅលើផ្លូវ ក្នុងការនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ពីការប្រមូលផលឆ្នាំ២០២៣ របស់ខ្លួន បើទោះបីជាមានការវាយប្រហារពីរុស្ស៊ីលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនក៏ដោយ។
លោក Zelenskiy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅក្នុងបទសម្ភាសន៍មួយ ថា៖ «យើងបានបង្កើតផ្លូវថ្មី នៅក្នុងសមុទ្រខ្មៅ» ដោយលោកបានពណ៌នាពីច្រករបៀងដឹកជញ្ជូននេះថា ជា «ជោគជ័យធំ» ព្រោះរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិប្រហែល ៣០លានតោន និងផលិតផលកសិកម្មផ្សេងទៀត។
តែយ៉ាងណាក្ដី លោកបានព្រមានថា ប្រសិនបើសភាអាមេរិកមិនអនុម័តជំនួយសន្តិសុខថ្មីចំនួន ៦០ពាន់លានដុល្លារទេនោះ អនាគតនៃច្រករបៀងដឹកជញ្ជូននឹងស្ថិតក្នុងភាពស្រពេចស្រពិល។ អង្គការសហប្រជាជាតិ បានស្តីបន្ទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពី ២ឆ្នាំមុនថា បានធ្វើឲ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ។ ទាំងប្រទេសអ៊ុយក្រែន និងរុស្ស៊ី គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់៕