
អង្គការសុខភាពពិភពលោក(WHO) និយាយថា ក្រុមការងារបស់ខ្លួន និងទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN)ផ្សេងទៀត បានចែកចាយគ្រឿងវេជ្ជសាស្រ្ត និងឱសថដល់មន្ទីរពេទ្យ Al-Amal ស្ថិតនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
WHO និយាយថា ស្បៀងអាហារ ទឹក និងប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើង ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ Al-Amal ផងដែរ ជាទីដែលក្រុមការងារសុខភាព និយាយថា ពួកគេពុំអាចឈានជើងចេញក្រៅមន្ទីរពេទ្យ អស់រយៈពេល ១ខែមកហើយ ដោយសារតែសង្រ្គាមនៅជុំវិញតំបន់នោះ ហើយមន្ទីរពេទ្យរបស់ពួកគេ រងការវាយប្រហារជាច្រើនលើករួចមកហើយ ពីកងកម្លាំងអ៊ីស្រាអែល ។
លោកវេជ្ជបណ្ឌិត Athanasios Gargavanis គឺជាគ្រូពេទ្យវះកាត់របស់ WHO និយាយថា កម្រិតនៃការបំផ្លិចបំផ្លាញ គឺនឹកស្មានមិនដល់នោះទេ ។
យោងតាមការអះអាងរបស់ WHO បានឲ្យដឹងថា សមត្ថភាពនៅមន្ទីរពេទ្យ Al-Amal បានធ្លាក់ចុះពី ១០០គ្រែ មកនៅត្រឹម ៦០គ្រែ ក្រោយការទម្លាក់គ្រាប់បែក បានបំផ្លាញជាន់ទី ៣នៃអគារមន្ទីរពេទ្យ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ២៩.៧០០ នាក់។
ដោយឡែកនៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩០ នាក់ និងបង្ករបួស ១៦៤ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៧៩០ នាក់ និងរបួសដល់ ៧០.០៤៣ នាក់ ៕