កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាជនចាស់ជរាក្រីក្រអាយុចាប់ពី៧០ ដល់៩៥ឆ្នាំ ដែលរស់នៅក្នុងភូមិអណ្តូងតាមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំដែងនូវការដឹងគុណ និងសប្បាយរីករាយ ក្រោយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ ពួកគាត់តាមគេហដ្ឋានដូចនេះ ។ ពួកគាត់ថា មានតែគណបក្សប្រជាជនតែមួយគត់ដែលតែងតែចុះជួបប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនរើសនិន្នាការនយោបាយ ហើយបានជួយភ្លាមៗពេលប្រជាពលរដ្ឋជួបទុក្ខលំបាក។
ប្រជាពលរដ្ឋចាស់ជរាក្រីក្របានអោយដឹងថា៖ ពួកគាត់ពិតជារំភើពណាស់ ក្រោយបានជួបនឹងក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន បានមកជួបសួរសុខទុក្ខពួកគាត់ជាចាស់ជរាក្រីក្រដល់តាមខ្នងផ្ទះបែបនេះ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា លោកទាំង២តែងតែយកចិត្តទុកដាក់ដល់ជីវភាព សុខភាព ការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ។ ប្រសិនបើមានករណីគ្រោះថ្នាក់ផ្សេងៗនៅតាមមូលដ្ឋាន គឺមានតែក្រុមការងារគណបក្សប្រជាជនមួយគត់ដែលបានចុះជួយប្រជាពលរដ្ឋភ្លាមៗ។ ក្រៅពីការរកសន្តិភាព ការថែរក្សាសុខសន្តិភាពជូនប្រជាជន សម្តេចទាំង២នៅបន្តការអភិវឌ្ឍន៍ឥតឈប់ឈរ គ្រាន់តែផ្លូវនៅតាមភូមិឃុំរបស់ពួកគាត់នាពេលនេះ ក័បានប្រែក្លាយទៅជាកៅស៊ូ បេតុង ស្ទើទាំងអស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលសួរសុខទុក្ខ និងបានណែនាំដល់ក្រុមការងារគណបក្សស្រុកឃុំភូមិ អោយយកចិត្តទុកដាក់ និងត្រូវចុះអោយដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីផលលំបាក បញ្ហាប្រឈមនានា សំណូមពរ និងស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋតែម្តង។ ករណីប្រជាពលរដ្ឋជួបនូវគ្រោះថ្នាក់ផ្សេងៗ ដូចជាភ្លើងឆេះ ខ្យល់កន្ត្រាក់ ជំនន់ គ្រោះរាំងស្ងួត និងគ្រោះថ្នាក់ផ្សេងៗទៀត ក្រុមការងារ ក៏ត្រូវដឹងអោយបានលឿន ជួយអោយបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវទុកប្រជាពលរដ្ឋណាម្នាក់នៅឯកោ គ្មានទីពឹងនោះឡើយ ។ ឯកឧត្តម ក៏បានជំរាបជូនប្រជាពលរដ្ឋជាជនចាស់ជរា អំពីសមិទ្ធិផលនានាដែលបានកើតឡើងពីស្នាដៃគណបក្សប្រជាជនកម្ពុជា ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏កំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការពារសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តពីសម្តេចតេជោ ហ៊ុន សែន ផងដែរ៕ ដោយ ៖ កាំង ហុងវាស្នា








