
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ទីក្រុងបេនីន បានផ្តល់កងទ័ពចំនួន ២.០០០នាក់ ដើម្បីគាំទ្រដល់កងកម្លាំងអន្តរជាតិដឹកនាំដោយប្រទេសកេនយ៉ា ដែលត្រូវបានគ្រោងទុក ដើម្បីជួយនគរបាលជាតិហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលប្រដាប់អាវុធ។
UN បានផ្ដល់ការអនុញ្ញាតដល់បេសកកម្មនេះ ក្នុងខែតុលា ពោលគឺ ១ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលដែលមិនជាប់ឆ្នោតរបស់ប្រទេសហៃទី បានធ្វើការស្នើសុំ។ UN បានប៉ាន់ប្រមាណថា ជម្លោះនៅក្នុងប្រទេសកោះការ៉ាអ៊ីបមួយនេះ បានបណ្តាលឲ្យមនុស្សជិត ៥.000នាក់ បាត់បង់ជីវិត កាលពីឆ្នាំមុន ហើយបានបង្ខំឲ្យមនុស្សប្រមាណជា ៣00.000នាក់ រត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។
ដោយថ្លែងនៅក្នុងប្រទេសហ្គីយ៉ាន ជាទីដែលលោកស្រីបានដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំកំពូលសហគមន៍ការ៉ាអ៊ីប (CARICOM) លោកស្រី Thomas-Greenfield បានប្រាប់ឲ្យដឹងថា លោកស្រីបានដឹងរួចហើយ មុននឹងចាប់ផ្តើមការធ្វើដំណើរដែលថា ប្រទេសបេនីនបានស្នើផ្តល់កងទ័ព ដើម្បីជួយគាំទ្រដល់កងកម្លាំងអន្តរជាតិនេះ។
លោកស្រី បានបញ្ជាក់ថា ប្រទេសកោះការ៉ាអ៊ីបមួយចំនួនដែលបានសន្យាគាំទ្រ បានអំពាវនាវឲ្យបណ្តាប្រទេសនិយាយភាសាបារាំងចូលរួមកិច្ចប្រឹងប្រែងនេះ៕