ថៃ៖ ក្រុមអាជ្ញាធរសុខាភិបាលថៃបានកត់ត្រា អ្នកស្លាប់ប្រចាំថ្ងៃដោយសារវីរុស Covid-19 ចំនួន ៧៥នាក់ និងអ្នកឆ្លងថ្មីចំនួន ៧.០៥៨នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះកើនឡើងដល់ ២.៤៦២នាក់ និងអ្នកឆ្លងសរុបចំនួន ៣០៨.២៣០នាក់។

កោះភូកេតដ៏ពេញនិយមរបស់ប្រទេសថៃបានរាយការណ៍ពីករណីវីរុស Covid-19 ដំបូងរបស់ខ្លួនមកពីក្រៅប្រទេសកាលពីថ្ងៃពុធ បន្ទាប់ពីបានបើកដំណើរការទេសចរណ៍អន្តរជាតិកាលពីសប្ដាហ៍មុន។ យោងតាម លោក Koosak Kookiatkul ប្រធានការិយាល័យសុខាភិបាលសាធារណៈរបស់កោះភូកេតបានអោយដឹងថា អ្នកជំងឺជាបុរសធ្វើដំណើរមកពីប្រទេសអារ៉ាប់រួម បានមកដល់ខេត្តភាគខាងត្បូងកាលពីថ្ងៃអង្គារ។ យោងតាម លោក Koosak បានអោយដឹងថា បុរសមកពីប្រទេសអារ៉ាប់រួមបានធ្វើតេស្តវីរុស Covid-19 នៅពេលមកដល់ដោយតម្រូវតាមវិធានការត្រួតពិនិត្យរបស់កោះភូកេត ហើយលទ្ធផលគឺវិជ្ជមាន។ លោកនិយាយថា ជាការឆ្លើយតបមន្ត្រីសុខាភិបាលបានជូនដំណឹងដល់អ្នកគ្រប់គ្រងសណ្ឋាគារ ហើយអ្នកជំងឺដែលមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបន្ទប់សណ្ឋាគារ រហូតដល់ភ្ញៀវឆ្លងវីរុសនេះត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ចំពោះមនុស្សដែលធ្វើដំណើរជាមួយពួកគេនឹងត្រូវគេនាំទៅធ្វើតេស្ត ប្រសិនបើពួកគេមានទំនាក់ទំនងជិតស្និទ្ធក្នុងហានិភ័យខ្ពស់។ យោងតាមការិយាល័យទំនាក់ទំនងសាធារណៈកោះភូកេតបានឲ្យដឹងថា អ្នកជំងឺបានធ្វើដំណើរពីទីក្រុងឌូបៃមកភូកេតតាមជើងហោះហើរ EK378 មានដឹកអ្នកដំណើរចំនួន ១៤នាក់។ អ្នកបើកបរពីរនាក់ដែលមានទំនាក់ទំនងជាមួយក្រុមភ្ញៀវ និងនិយោជិកសណ្ឋាគារមួយចំនួនបានដាក់ចូលក្នុងដំណើរការគ្រប់គ្រងជំងឺរួចហើយ៕
អត្ថបទ៖ ប៊ុនថន