
មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូប បាននិយាយថា កូរ៉េខាងជើង បានដឹកជញ្ជូនកុងតឺន័រដែលអាចផ្ទុកគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ ទៅកាន់ប្រទេសរុស្ស៊ី ដោយអនុញ្ញាតឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ខណៈដែលស្តុកគ្រាប់រំសេវរបស់ទីក្រុងគីវ កំពុងធ្លាក់ចុះ។
សារព័ត៌មាន Yonhap News បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Wonsik បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ជូនកុងតឺន័រប្រហែល ៦.៧០០ទៅកាន់ប្រទេសរុស្ស៊ី ដោយបង្កើនល្បឿននៃការដឹកជញ្ជូន ចាប់តាំងពីលោក ពូទីន បានរៀបចំកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន កាលពីខែកញ្ញាមក។ លោក Shin បាននិយាយ ថា កុងតឺន័រទាំងអស់នោះ អាចផ្ទុកគ្រាប់កាំភ្លើងធំធុន ១៥២ មីល្លិម៉ែត្របានប្រហែល៣លានគ្រាប់។
លោកបានបញ្ជាក់ថា ជាថ្នូរនោះ រុស្ស៊ីនឹងការផ្តល់ស្បៀងអាហារ វត្ថុធាតុដើម និងគ្រឿងបន្លាស់ ដែលប្រើប្រាស់ក្នុងការផលិតអាវុធដល់កូរ៉េខាងជើង។ លោកបានបន្ថែមថា ជំនួយស្បៀងអាហារ បានជួយលោក គីម ជុងអ៊ុន រក្សាស្ថិរភាពតម្លៃសម្រាប់សម្ភារៈដែលត្រូវការចាំបាច់។ លោកបានបន្តទៀតថា ប្រសិនបើការផ្ទេរសព្វាវុធ កើនឡើង រុស្ស៊ីនឹងបញ្ជូនបច្ចេកវិទ្យាយោធាបន្ថែមទៀតទៅឲ្យលោក គីម ជុងអ៊ុន ដែលអាចបង្កើនសមត្ថភាពរបស់ក្រុងព្យុងយ៉ាងក្នុងការគំរាមកំហែងក្នុងតំបន់។
នៅពេលដែលពាណិជ្ជកម្មកូរ៉េខាងជើង និងរុស្ស៊ី បានកើនឡើងជាមួយនឹងការលុកលុយដែលបច្ចុប្បន្ននៅក្នុងឆ្នាំទី៣ហើយនោះ លំហូរនៃជំនួយយោធារបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងគីវ ត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើង។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយនៅសប្តាហ៍នេះថា លើសពីនេះ សហភាពអឺរ៉ុប បានបញ្ជូនតែប្រហែល ៣០ភាគនៃគ្រាប់កាំភ្លើងធំសរុបចំនួន មួយលានគ្រាប់ ដែលខ្លួនបានសន្យាថា នឹងផ្តល់ឲ្យទីក្រុងគីវ នៅត្រឹមខែមីនា។