ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ ខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ដែលប្រព្រឹត្ដទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្ដមានលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំលើកដំបូង របស់ក្រុមការងារ និងអនុក្រុមការងារ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណ កោតសរសើរចំពោះមន្ត្រី-បុគ្គលិកទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមការទទួលខុសត្រូវរៀងៗខ្លួន។
តាមរយៈការផ្តល់បទសម្ភាសន៍លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានឱ្យដឹងដែរថា ក្នុងឱកាសនេះ អង្គប្រជុំទាំងមូលបានពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារមួយចំនួនដូចជា៖ ឯកសារទស្សនាទាន, សេចក្តីប្រកាសព័ត៌មាន, ខ្លឹមសារ បដា និងពាក្យស្លោក និងការងារផ្សេងៗទៀត ក្នុងឱកាកាសទិវា៨សភា ឆ្នាំ២០២៤នេះ។
សូមជម្រាបជូនថា ការប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា៨ឧសភា) ឆ្នាំ២០២៤នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ការដាក់ចេញនូវប្រធានបទនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយថែទាំសុខភាពតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដែលចូលរួមក្នុងការដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះវិធានការគន្លឹះ ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល និងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។ ទិសដៅសំខាន់ នៃប្រធានបទនេះ គឺចូលរួមកសាងសហគមន៍នានា ឱ្យទៅជាសហគមន៍ ដែលមានសមត្ថភាពទ្រាំទ្របាន ឬធន់ទ្រាំបាន និងបន្សាំបាន ទៅនឹងបញ្ហាប្រឈមនានា ដែលរួមមាន សុខភាពផ្លូវកាយ-ផ្លូវចិត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបង្កដោយផលប៉ះពាល់ពីសង្គ្រាម, វិបត្តិសេដ្ឋកិច្ចសកលលោក និងការប្រែប្រួលអាកាសធាតុ។
ហេតុដូច្នេះ ក្នុងការធ្វើសកម្មភាពអនុវត្តខ្លឹមសារប្រធានបទនេះ កាកបាទក្រហមកម្ពុជា រំពឹងថានឹងសម្រេចបានសហគមន៍មួយ ដែលមានវឌ្ឍនភាពជានិរន្តរ៍, ពលរដ្ឋម្នាក់ៗរស់នៅទីនោះ មានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងមានសមត្ថភាពដឹកនាំគ្រប់គ្រង ក្នុងការបង្ការ ការឆ្លើយតប និងស្តារឡើងវិញ ក្រោយមានស្ថានភាពមិនអំណោយផលផ្សេងៗ បង្កដោយការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ ដោយ ៖ សំ ងីម















អទបទៈ សំ ងីម /