ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន ស្នើដល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីឈានទៅបញ្ចប់រាល់សកម្មភាពកាប់ រុករាន ទន្ទ្រានដី ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា៕
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ បានឱ្យដឹងថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍ តំបន់ការពារធម្មជាតិ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។
ក្រសួងបរិស្ថានបានចាត់ទុក ទង្វើបែបនេះ គឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដូចមានចែងថា សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន និងបង្វែធ្វើជាដីកសិកម្ម ឬ ធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គល ណាមួយបានឡើយ។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការ ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ត្រូវការពារថែរក្សាផ្ទៃដីព្រៃសហគមន៍ឱ្យបានគង់វង្ស ស្របតាមប្រកាសរបស់ក្រសួងបរិស្ថាន។
ក្រៅនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការមួយចំនួដូចជា៖ក្នុងករណីចាំបាច់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ជូនមន្ទីរបរិស្ថានខេត្តសាមី ដើម្បីស្នើសុំការណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេល។ រូបវន្តបុគ្គល ឬនីតិបុគ្គលពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ឆ្ការ រុករាន ទន្ទ្រានហ៊ុមព័ទ្ធ ដាំដុះដំណាំនៅលើដីសហគមន៍តំបន់ការពារធម្មជាតិ បុគ្គលដែលបានកាប់រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីនោះឱ្យទៅសហគមន៍វិញដោយឥតលក្ខខណ្ឌ និងធ្វើការដាំស្ការព្រៃឈើនៅលើដីដែលបានកាប់រានឡើងវិញ និងមន្ទីរបរិស្ថានខេត្ត ត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពមាន សមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ចុះអនុវត្តទប់ស្កាត់រាល់សកម្មភាពកាប់ឆ្ការដីព្រៃសហគមន៍ស្របតាមច្បាប់ជាធរមាន៕ អត្ថបទ ៖ ទូច សោភ័ណ
