
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា អ៊ីស្រាអែល បានយល់ព្រមបញ្ឈប់សកម្មភាពសឹកនៅតំបន់ហ្កាហ្សាស្រ្ទីប អំឡុងពិធីបុណ្យរ៉ាម៉ាដាន គឺជាខែពិសិដ្ឋមូស្លីម ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែមីនាខាងមុខនេះ ។ លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងកម្មវិធី “Late Night with Seth Meyers”របស់ទូរទស្សន៍ NBC ។
ការលើកឡើងរបស់លោក បានកើតមាន ស្របពេលដែលបណ្តាប្រទេសអារ៉ាប់ បង្ហាញក្តីកង្វល់ថា បើសិនជាការប្រយុទ្ធគ្នានៅតែបន្តចូលដល់ពិធីបុណ្យរ៉ាម៉ាដាន វានឹងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងតំបន់ និងស្របពេលសន្ទុះកិច្ចចរចាបទឈប់បាញ់ កាន់តែឡើងនៅប្រទេសកាតា ។
នៅក្នុងកម្មវិធីនោះ លោក Bidenបានប្រកាសឲ្យដឹងថា មាននូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលអាចនឹងមាននៅពេលនេះ នាសប្តាហ៍ក្រោយ ។
លោកថា ការផ្អាកសង្រ្គាមបែបនេះ នឹងផ្តល់ពេលសម្រាប់ការដោះលែងចំណាប់ថ្នូរសេសសល់ដែលក្រុមហាម៉ាស់ ចាប់ខ្លួនយកទៅកាលពីថ្ងៃទី ៧ ខែតុលា ។
គួរឲ្យដឹងថា ក្រុមជីវពលមួយនេះ បានចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ពេលដែលពួកគេវាយប្រហារយ៉ាងសន្ធាប់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា និងបានសម្លាប់មនុស្សជាង ១.២០០នាក់ ។
អំឡុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី Late Night លោក Bidenបាននិយាយថា អ៊ីស្រាអែលប្រឈមនឹងការបាត់បង់ការគាំទ្រពីប្រទេសផ្សេងទៀតនៅលើពិភពលោក ។
លោកបន្តថា រដ្ឋាភិបាលអ៊ីស្រាអែល បានប្តេជ្ញាចិត្តចំពោះលោក ដើម្បីព្យាយាមជម្លៀសមនុស្សមួយភាគធំនៅទីក្រុង Rafah មានជនប៉ាឡេស្ទីនជម្លៀសខ្លួន រាប់លាននាក់ ដែលរត់គេចចេញពីតំបន់ញាំញីដោយសារភ្លើងសង្រ្គាមផ្សេងទៀតក្នុងតំបន់ហ្កាហ្សា មុនពេលកងកម្លាំងអ៊ីស្រាអែល ផ្លាស់ទីទៅកាន់គោលដៅរបស់ក្រុមហាម៉ាស់ ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយគេ ដើម្បីផ្អាកសង្រ្គាម បានកើតឡើងកាលពីវិច្ឆិកា ឆ្នាំ ២០២៣ ជាពេលដែលក្រុមហាម៉ាស់ ព្រមដោះលែងចំណាប់ថ្នូរជាង ១០០នាក់ ហើយអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីនច្រើនជាងចំនួននេះ ប្រហែល ៣ដង ៕