
កងកម្លាំងការពារភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃទី២៧ ខែកុម្ភៈថា យានដ្រូនប្រហារប្រភេទShahedរបស់រុស្ស៊ី បានឆ្លងកាត់ព្រំដែនជាមួយប្រទេសម៉ុលដាវីនៅពេលយប់ ដោយហោះហើរលើទឹកដីរបស់ប្រទេសនេះចម្ងាយ «រាប់សិបគីឡូម៉ែត្រ»។
កងកម្លាំងអ៊ុយក្រែន បានបាញ់ទម្លាក់ចំនួន ១១គ្រឿងក្នុងចំណោមយានដ្រូន ចំនួន១៣គ្រឿង ដែលរុស្ស៊ី បានបាញ់ចេញពីតំបន់ Krasnodar Krai និងតំបន់ Kursk ក្នុងការវាយប្រហារនៅពេលយប់។
កងកម្លាំងការពារភាគខាងត្បូង បាននិយាយថា៖«ផ្លូវនៃយានដ្រូនមួយគ្រឿង ត្រូវបានដឹកនាំដោយសត្រូវតាមគន្លងឆ្លងកាត់ផ្នែកអ៊ុយក្រែន-ម៉ុលដាវីនៃព្រំដែនរដ្ឋក្នុងតំបន់Odesa។
យានដ្រូននោះ បានហោះពីលើទឹកដីនៃរដ្ឋជិតខាងរាប់សិបគីឡូម៉ែត្រ ហើយម្តងទៀត បានចូលដែនអាកាសអ៊ុយក្រែន ជាទីដែលក្រោយមកវា ត្រូវបានបំផ្លាញដោយកងកម្លាំងការពារដែនអាកាសអ៊ុយក្រែន»។
នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែកុម្ភៈ ក្រសួងការពារជាតិម៉ុលដាវី បានបដិសេធសេចក្តីរាយការណ៍ថា យាន ដ្រូន បានហោះហើរពីលើដែនអាកាសម៉ុលដាវី បន្ទាប់ពីការវាយប្រហារមុននេះ។