
សកម្មជនសិទ្ធិមនុស្សជើងចាស់ លោក Oleg Orlov នៅថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) នេះ ត្រូវបានតុលាការទីក្រុងមូស្គូកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ បន្ទាប់ពីរូបលោកត្រូវបានរកឃើញថា មានទោសពីបទធ្វើឲ្យខូចកិត្តិយសកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅក្នុងការកាត់ក្តីមួយដែលត្រូវបានថ្កោលទោសដោយអ្នកសង្កេតការណ៍អន្តរជាតិថា មានហេតុផលនយោបាយ។
លោក Orlov វ័យ ៧០ឆ្នាំ បានបម្រើការអស់រយៈពេលជាង ២ទសវត្សរ៍ ក្នុងនាមជាមេដឹកនាំម្នាក់ ក្នុងចំណោមបណ្ដាមេដឹកនាំនៃក្រុមសិទ្ធិមនុស្ស Memorial។ ក្រុមនេះបានឈ្នះពានរង្វាន់ណូបែលសន្តិភាពរួម ក្នុងឆ្នាំ២០២២ ពោលគឺមានរយៈពេល ១ឆ្នាំបន្ទាប់ពីត្រូវបានហាមឃាត់ និងរំលាយ នៅក្នុងប្រទេសរុស្ស៊ី។
អង្គការ Memorial បានឲ្យដឹងថា លោក Orlov ត្រូវបានដាក់ខ្នោះដៃបន្ទាប់ពីមានសាលក្រមនោះ ហើយតុលាការបានបញ្ជាឲ្យនាំខ្លួនលោកទៅឃុំឃាំងភ្លាមៗ។ នៅក្នុងសុន្ទរកថាបិទរបស់លោក ចំពោះការកាត់ក្តី កាលពីថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) លោក Orlov បានបរិហារអំពី «ការរឹតត្បិតសេរីភាព» នៅរុស្ស៊ី ដែលលោកហៅថា ជា «ទីកន្លែងដែលអ្វីៗគ្រប់យ៉ាងអាក្រក់ទាំងអស់»។
គួរបញ្ជាក់ថា ករណីប្រឆាំងនឹងរូបលោកនេះ កើតឡើងដោយសារអត្ថបទមួយរបស់លោក ក្នុងឆ្នាំ២០២២ ដែលលោកបានសរសេរថា រុស្ស៊ីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin បានធ្លាក់ចូលទៅក្នុងរបបហ្វាស៊ីសនិយម។ ដំបូងឡើយ រូបលោកត្រូវបានពិន័យជាប្រាក់ចំនួន ១៥០.០០០រូប្លិ៍ (១.៦២៨ដុល្លារ) ដោយតុលាការប្រចាំតំបន់មួយ កាលពីឆ្នាំមុន ប៉ុន្តែការជំនុំជម្រះឡើងវិញត្រូវបញ្ជាឲ្យធ្វើឡើង ហើយរដ្ឋអាជ្ញាបានស្វែងរកការដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២២ឆ្នាំ ១១ខែ៕