
មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសថៃ និងជាអតីតបុគ្គលសឹងតែបានតំណែងនាយករដ្ឋមន្ត្រី គឺលោក ភីថា លឹមចារ៉ើនរ៉ាត់ (Pita Limjaroenrat) នៅថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) នេះ បាននិយាយថា គណបក្សបោះជំហានទៅមុខ (Move Forward) របស់លោក នឹង «ធ្វើគ្រប់យ៉ាង» ដើម្បីអនាគតរបស់បក្ស ទោះបីជាមានការគំរាមកំហែងផ្នែកច្បាប់ដែលអាចឃើញក្រុមគាំទ្រកំណែទម្រង់ ត្រូវបានរំលាយ ហើយមេដឹកនាំរបស់ខ្លួន ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយក៏ដោយ។
ជាមួយនឹងកម្មវិធីនយោបាយដែលទាក់ទាញបានអ្នកបោះឆ្នោតវ័យក្មេង និងទីក្រុង ក្នុងចំនួនដ៏ច្រើន គណបក្សនេះត្រូវបានគេមើលឃើញថា នឹងគំរាមកំហែងដល់ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសថៃ ដោយប៉ះទង្គិចផលប្រយោជន៍របស់ក្រុមអភិរក្សដ៏មានឥទ្ធិពល និងយោធារាជានិយម ដែលបានរារាំងការប្រឹងប្រែងរបស់គណបក្ស ដើម្បីបង្កើតរដ្ឋាភិបាលនៅឆ្នាំ២០២៣។
លោក ភីថា បានដឹកនាំគណបក្សឲ្យឈ្នះការបោះឆ្នោត កាលខែឧសភា ឆ្នាំ២០២៣ តាមរយៈកម្មវិធីនយោបាយប្រឆាំងស្ថាប័នគ្រប់គ្រង តែមិនអាចបង្កើតរដ្ឋាភិបាលបាន ហើយបុរសវ័យ ៤២ឆ្នាំបាននិយាយថា គណបក្សរបស់លោកអាចជាស្ពានបង្កើតបាននូវគោលនយោបាយសមស្របថ្មីមួយ។
លោកបានប្រាប់សារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយថា៖ «ជំនួសឲ្យការមើលមកពួកយើងថា ជាជម្រើសរបស់ប្រជាជន និងជាសត្រូវរបស់សភានោះ សូមមេត្តាប្រើប្រាស់ពួកយើងជាស្ពានតភ្ជាប់វិញប្រសើរជាង»។
តែទោះជាយ៉ាងណាក្ដី គណបក្សនេះអាចនឹងត្រូវបានរំលាយ ហើយមេដឹកនាំត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេស កាលពីខែមករា បានលើកឡើងថា ផែនការរបស់គណបក្ស ដើម្បីឲ្យមានកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ បានធ្វើឲ្យប៉ះពាល់ដល់រាជសម្បត្តិ ដោយទង្វើនោះបើកផ្លូវឲ្យមានបណ្តឹងផ្លូវច្បាប់ជាច្រើន៕