
ការជំនុំជម្រះក្តីមួយ ក្នុងចំណោមការកាត់ក្ដីបទឧក្រិដ្ឋដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហូឡង់ បានបញ្ចប់ហើយ នៅថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) ដោយចុងចោទដ៏សំខាន់ គឺលោក Ridouan Taghi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទបញ្ជាឲ្យមានការសម្លាប់ក្រុមក្មេងអន្ធពាលជាបន្តបន្ទាប់។
លោក Taghi វ័យ ៤៦ឆ្នាំ ត្រូវបានគេមើលឃើញថា ជាមេក្លោងនៃក្រុមដែលត្រូវបានចាត់ទុកថា ជាក្រុមជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយរបស់ប្រទេសហូឡង់។ អ្នកទោសរូបនេះគឺជាបុគ្គលដែលគេចង់បានខ្លួនបំផុតរបស់ហូឡង់ មុនពេលមានការធ្វើបត្យាប័នចំពោះរូបគេ នៅឆ្នាំ២០១៩ ពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
នៅក្នុងការជំនុំជម្រះដ៏ធំដែលមានរយៈពេលប្រមាណជា ៦ឆ្នាំ ក្នុងនោះរួមទាំងដំណាក់កាលត្រៀមទុកផងដែរ លោក Taghi និងបុរស ១៦នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទឃាតកម្មចំនួន ៦ករណី ប៉ុនប៉ងសម្លាប់ចំនួន ៤ករណី និងការរៀបចំការវាយប្រហារជាច្រើនករណីផ្សេងទៀត។
លោក Taghi ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទជាមេក្លោងនៃក្រុមដែលបានបញ្ជាឲ្យមានការសម្លាប់ ខណៈដែលមនុស្ស ២នាក់ផ្សេងទៀត ក៏ទទួលទោសដូចគ្នា សម្រាប់ការរួមចំណែករបស់ពួកគេ ក្នុងអំពើឃាតកម្មទាំងនោះ៕