
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen នៅថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) នេះ បាននិយាយថា វាគឺជារឿង «ចាំបាច់ និងបន្ទាន់» ក្នុងការស្វែងរកមធ្យោបាយ ដើម្បីបញ្ចេញទ្រព្យសម្បត្តិតម្លៃ ២៨៥ពាន់លានដុល្លារ នៅក្នុងទ្រព្យអធិបតេយ្យរុស្ស៊ីដែលត្រូវបានផ្អឹបទុក ហើយយកទៅជួយអ៊ុយក្រែន ដោយលោកស្រីប្រាប់ថា ការធ្វើបែបនោះនឹងជំរុញឲ្យទីក្រុងមូស្គូព្រមធ្វើការចរចាសន្តិភាពដ៏យុត្តិធម៌មួយ នៅក្នុងសង្គ្រាម។
ទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រទេសសម្ព័ន្ធមិត្តចំនួន៧ របស់ខ្លួន មានការខ្វែងគំនិតគ្នា ជុំវិញអ្វីដែលត្រូវធ្វើជាមួយទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកាណាដា បានបង្កកទ្រព្យសម្បត្តិនោះ ក្នុងឆ្នាំ២០២២ ដើម្បីជួយអ៊ុយក្រែនដែលប្រឈមនឹងការចំណាយប្រមាណជា ៤៨៦ពាន់លានដុល្លារ ដើម្បីកសាង និងស្តារប្រទេសឡើងវិញ។ បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនបារម្ភថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី អាចបង្កើតជាគំរូដ៏គ្រោះថ្នាក់ នាពេលអនាគត។
នៅក្នុងសុន្ទរកថាដែលបានរៀបចំសម្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល នៅមុនកិច្ចប្រជុំជាមួយសមភាគី គឺក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 និងក្រុមប្រទេសទាំង២០ ឬ G20 លោកស្រី Yellen បាននិយាយថា៖ «ខណៈពេលដែលយើងគួរតែធ្វើសកម្មភាពរួមគ្នា និងតាមវិធីដ៏ល្អិតល្អន់មួយ ខ្ញុំជឿថា នឹងមានច្បាប់អន្តរជាតិដ៏រឹងមាំមួយ សេដ្ឋកិច្ច និងសីលធម៌ សម្រាប់ដំណើរការឆ្ពោះទៅមុខ»៕