ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ មួយចំនួន រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា លោកមិនច្រានចោលក្នុងការបញ្ជូនកងទ័ពនោះទេ។
លោក Macron បាននិយាយថា ពុំមានការស្របមតិគ្នាជាឯកច្ឆ័នលើការបញ្ជូនកងទ័ពលោកខាងលិចទៅអ៊ុយក្រែនទេ។

កងទ័ពរុស្ស៊ី ទើបតែដណ្ដើមបានទីក្រុងមួយថ្មីៗនេះនៅក្នុងប្រទេសអ៊ុយក្រែន ហើយទីក្រុងគីវ បានពន្លឿនការអំពាវនាវសុំអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច។
លោក Macron បានប្រាប់សន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ ថា យើងមិនគួរច្រានចោលថា អាចមានភាពចាំបាច់សម្រាប់សន្តិសុខដែលត្រូវពិចារណាលើការបញ្ជូនកងទ័ពនោះទេ។
ប៉ុន្តែលោកបញ្ជាក់ឲ្យច្បាស់ថា ប្រទេសបារាំងនៅតែរក្សាជំហរបស់ខ្លួន ជាភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រដែលលោកនៅតែត្រៀម។

អត្ថាធិប្បាយរបស់លោក Macron នាំឲ្យមានការឆ្លើយតបពីសហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់សម្ព័ន្ធយោធាណាតូ។ លោកប្រធានាធិបតី Biden បានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនទាហានទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនឡើយ។

អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល(Olaf Scholz) និយាយថា ប្រទេសលោកពុំមានការកែប្រែជំហរទេ ដែលបានព្រមព្រៀងគ្នារួចមកហើយថា ប្រទេសសមាជិកសហភាពអឺរ៉ុប ឬរដ្ឋជាសមាជិកណាតូ នឹងមិនបញ្ជូនកងទ័ពទៅអ៊ុយក្រែនជាដាច់ខាត។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់(Rishi Sunak) បាននិយាយថា ប្រទេសនេះគ្មានផែនការបញ្ជូនកងទ័ពទ្រង់ទ្រាយធំទៅអ៊ុយក្រែនលើសពីចំនួនកងទ័ពដែលកំពុងហ្វឹកហាត់កងកម្លាំងអ៊ុយក្រែននោះទេ៕