ដោយមានការបិទរដ្ឋាភិបាលដោយផ្នែកនៅប៉ុន្មានថ្ងៃខាងមុខ រហូតមកដល់ពេលនេះ មានការវិវឌ្ឍតិចតួចពីសភាសហរដ្ឋអាមេរិកលើសេចក្តីស្នើច្បាប់ចំណាយ។ ភាពវឹកវរផ្នែកនយោបាយ នៅតែមាននៅខាងមុខ ខណៈសមាជិកសភា ពុំយល់ស្របលើការផ្តល់មូលនិធិ និងជំនួយ ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

មេដឹកនាំព្រឹទ្ធសភាដែលមានសំឡេងភាគច្រើន លោក Chuck Schumer បាននិយាយថា លោក សង្ឃឹមថានៅប៉ុន្មានថ្ងៃខាងមុខនេះ សមាជិកសភាគណបក្សសាធារណរដ្ឋ ដែលមានការគិតហ្មត់ចត់ អាចធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីស្វែងរកផ្លូវចេញពីការគំរាមបិទរដ្ឋាភិបាល។ សេចក្តីស្នើច្បាប់ចំណាយនេះ ត្រូវបានរៀបចំឡើងដោយក្រុមអ្នកប្រកាន់តឹងអភិរក្សនិយម ជាអ្នកដែលបានបង្កើតការប្រឆាំងផ្ទាល់ខ្លួន ក្នុងជួរគណបក្សសាធារណរដ្ឋ។

ពួកគេចង់ឃើញការកាត់បន្ថយការចំណាយ និងជំហរគោលនយោបាយ ដែលបានដាក់បញ្ចូលទៅក្នុងរបៀបថាតើត្រូវចំណាយប្រាក់ដុល្លារដោយរបៀបណា និងការនាំឲ្យរដ្ឋាភិបាលឈានទៅដល់មាត់ជ្រោះនៃការបិទរដ្ឋាភិបាល ឬការបិទដោយផ្នែក ដែលបានកើតឡើងបីដងក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ។
បច្ចុប្បន្ននេះ សមាជិកមួយចំនួន កំពុងគំរាម បណ្តេញ លោក Mike Johnson ចេញពីតំណែងប្រធានសភា ប្រសិនបើលោកអនុញ្ញាតឱ្យបោះឆ្នោតលើ សេចក្តីស្នើច្បាប់ជំនួយបរទេស ៩៥ ពាន់លានដុល្លារ ដែលបានអនុម័តដោយព្រឹទ្ធសភា និងមានការគាំទ្រពីគណបក្សទាំងពីរលើសលប់។ រហូតមកដល់ពេលនេះ លោក Johnson បានទប់ទល់ទៅនឹងការដាក់ច្បាប់ផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅក្នុងសភា។
នោះហើយជាមូលហេតុ ដែលសេតវិមានបង្កើនការវាយប្រហារផ្ទាល់ខ្លួនលើលោក Johnson សម្រាប់ការទប់ស្កាត់សេចក្តីស្នើច្បាប់ ដែលប្រធានាធិបតី លោក Joe Biden គាំទ្រ។ កាលពីថ្ងៃអង្គារ លោក Biden បានជួបជាមួយសមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅក្នុងសភា ដើម្បីពិភាក្សាអំពីជំនួយដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងការបិទរដ្ឋាភិបាល ដែលកំពុងខិតចូលជិតមកដល់។
ការបិទរដ្ឋាភិបាល នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ហើយលោក គិតថាយើងទាំងអស់គ្នាយល់ស្របទៅនឹងរឿងនេះ ហើយយើងត្រូវការដំណោះស្រាយរវាងគណបក្សបក្សទាំងពីរ។