នៅតំបន់ជាយក្រុងហ្សាកាតា អតិថិជនរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី បានឈរតម្រង់ជួរយ៉ាងវែងដើម្បីទិញអង្ករឧបត្ថម្ភរបស់រដ្ឋាភិបាល បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរកាលពីឆ្នាំមុនបានរារាំងដល់ការផលិត និងបានធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។

អ្នកស្រីម៉ាស៊ី (Masih) អាជីវករលក់ដូងម្នាក់វ័យ៥៥ឆ្នាំគឺជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលកំពុងរង់ចាំបាវអង្ករនៅផ្សារដែលគ្រប់គ្រងដោយភ្នាក់ងារលទ្ធកម្មស្បៀងអាហាររដ្ឋបូឡុក(Bulog) ក្នុងទីក្រុង បេកាស៊ី (Bekasi)ចម្ងាយ ២៥គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានី។

អ្នកស្រីបានប្រាប់សារព័ត៌មាន Reutersថា អ្នកស្រីត្រូវតែចូលទៅឈរតម្រង់ជួរដើម្បីទិញអង្ករដែលមានតម្លៃធូរ ព្រោះអង្ករនៅតាមទីផ្សារមានតម្លៃថ្លៃ ដូច្នេះបើចង់បានអង្ករមានតម្លៃទាបត្រូវមកទីនេះ។

តម្លៃការជួញដូរអង្ករពិភពលោកកំពុងហក់ឡើងជិតដល់កម្រិតខ្ពស់ក្នុងរយៈពេល១៦ឆ្នាំបន្ទាប់ពីប្រទេសឥណ្ឌា ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ពិភពលោកបានរឹតត្បិតការនាំចេញកាលពីឆ្នាំមុន។
អង្ករគឺជាអាហារចម្បងសម្រាប់ប្រជាជនភាគច្រើនរបស់ប្រទេសឥណ្ឌូនេស៊ីប្រមាណ២៧០លាននាក់ ហើយតម្លៃបានហក់ឡើងជាង១៦%ចាប់តាំងពីឆ្នាំមុន ដោយសារបាតុភូតអាកាសធាតុអេលនីញ៉ូ(El Nino )បានកាត់បន្ថយទឹកភ្លៀងនៅទូទាំងផ្នែកដ៏ធំនៃអាស៊ីក្នុងឆ្នាំ ២០២៣ ដែលប៉ះពាល់ដល់ទិន្នផលធញ្ញជាតិ និងជំរុញឱ្យមានសម្ពាធអតិផរណាអាហារសម្រាប់ប្រទេសមួយចំនួន។
រដ្ឋាភិបាលឥណ្ឌូណេស៊ីជាធម្មតាបានបង្កើនកម្រិតនៃការលក់ផលិតផលម្ហូបអាហារក្នុងតម្លៃឧបត្ថម្ភធន នៅពេលតម្លៃនៅលើទីផ្សារលោតឡើងខ្ពស់ និងប៉ះពាល់ដល់អ្នកប្រើប្រាស់។
នៅឯទីផ្សារឧបត្ថម្ភធនរបស់រដ្ឋ Bekasi អង្ករត្រូវបានលក់ក្នុងតម្លៃ ១០.៦០០រូពីក្នុងមួយគីឡូក្រាម ស្មើ(០,៦៨ ដុល្លារ) និងវេចខ្ចប់ក្នុងបាវទម្ងន់៥គីឡូក្រាម ធៀបនឹងតម្លៃ១៤.៣០០រូពី ស្មើ(០,៩១ ដុល្លារ នៅក្នុងទីផ្សារ។ ភ្នាក់ងារលទ្ធកម្មស្បៀងអាហាររដ្ឋបូឡុក បានកំណត់ការលក់ត្រឹមពីរបាវក្នុងអតិថិជនម្នាក់ដើម្បីបញ្ចៀសការប៉ះពាល់ដល់ការស្តុកទុក៕