ព្រះមហាក្សត្រអាប់ឌុលឡា ( Abdullah)នៃប្រទេសហ្ស៊កដានី ដែលបានចូលរួមក្នុងការទម្លាក់ជំនួយតាមផ្លូវអាកាសទៅកាន់តំបន់ហ្កាហ្សា បានមានព្រះបន្ទូលកាលពីថ្ងៃអង្គារថា ស្បៀងអាហារ និងជំនួយដល់តំបន់ដែលហែកហួរដោយសង្រ្គាមនេះ ត្រូវតែកើនឡើងទ្វេដង ដើម្បីបញ្ចៀស«ស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ»រួចទៅហើយ។

ព្រះមហាក្សត្រអង្គនេះ ត្រូវបានដកស្រង់ព្រះបន្ទូលដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយបានប្រាប់ប្រធានទីភ្នាក់ងារUSAID លោកស្រី Samantha Powerថា សហគមន៍អន្តរជាតិ ត្រូវតែដាក់សម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើលំហូរស្បៀងអាហារចូលទៅក្នុងទឹកដីនេះ។

ក្រុមមន្ត្រីនិយាយថា ប្រទេសហ្ស៊កដានី កំពុងជំរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបង្កើនជំនួយដែលមកពីព្រះរាជាណាចក្រនេះតាមរយៈច្រក Kerem Shalom នៅតាមព្រំដែននៃប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងតំបន់ហ្កាហ្សា ហួសពីច្រករ៉ាហ្វា( Rafah)ដែលមានស្រាប់។
ព្រះមហាក្សត្រ ត្រូវបានដកស្រង់ព្រះបន្ទូល ដោយប្រាប់លោកស្រី Powerថា៖«ព្រះអង្គ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបើកច្រកឆ្លងកាត់ផ្លូវដី និងពង្រីកការទម្លាក់ជំនួយតាមយន្តហោះ ដើម្បីជួយប្រជាជននៃតំបន់ហ្កាហ្សា និងជាពិសេសនៅហ្កាហ្សាភាគខាងជើង។
លំហូរនៃជំនួយចូលតំបន់ហ្កាហ្សាពីប្រទេសអេហ្ស៊ីប បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនបានរារាំងជំនួយឡើយ ហើយបានបន្ទោសអង្គការសហប្រជាជាតិ និងភាគីប៉ាឡេស្ទីនចំពោះការពន្យារពេលណាខ្លះនោះ។