ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) នៅថ្ងៃពុធ (២៨ កុម្ភៈ) នេះបាននិយាយថា វត្តមានរបស់កងទ័ពជើងទឹកចិននៅក្នុងសមុទ្រចិនខាងត្បូងគឺ «ជារឿងគួរឱ្យព្រួយបារម្ភខ្លាំងណាស់» ប៉ុន្តែនឹងមិនរារាំងប្រទេសហ្វីលីពីនពីការការពារទឹកដីដែនសមុទ្ររបស់ខ្លួននិងការពារអ្នកនេសាទរបស់ខ្លួនឡើយ។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បានប្រទះឃើញវត្តមានរបស់កងនាវាកងទ័ពជើងទឹកចិន អំឡុងពេលបេសកកម្មល្បាតដោយនាវាការិយាល័យនេសាទ និងធនធានជលផល (BFAR) នៅឯច្រាំងដែនទឹកថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។

លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មានមុនពេលចាកចេញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីថា «យើងបន្តគាំទ្រប្រជានេសាទរបស់យើង ដែលប្រកបរបរចិញ្ចឹមជីវិតពីទីតាំងនេសាទទាំងនេះ ហើយយើងនឹងបន្តជួយពួកគេ ទោះបីជាមានការព្យាយាមរារាំងក៏ដោយ»។
ដោយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន ដែនទឹកថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល ត្រូវបានទាមទារសិទ្ធិដោយប្រទេសចិនថាជារបស់ខ្លួន ដោយធ្វើឱ្យដែនទឹកនេះក្លាយជាតំបន់សមុទ្រដែលមានការប្រកួតប្រជែងបំផុតរបស់អាស៊ី និងជាចំណុចតានតឹងដែលបង្កឱ្យមានជម្លោះជាច្រើន៕