អគ្គិភ័យដែលបានឆាបឆេះនៅផ្សារប្រវត្តិសាស្រ្ត ឡានហ្កា (Langa)ដែលជាផ្សារដ៏ធំទី២ នៅក្នុងទីក្រុងអឺបៀល(Erbil) របស់ប្រទេសអ៊ីរ៉ាក់ ត្រូវពន្លត់បានដោយជោគជ័យកាលពីល្ងាចថ្ងៃអង្គារ ដោយពុំមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់នោះទេ។

អគ្គិភ័យដែលបានឆាបឆេះកាលពីវេលាម៉ោង៧និង៣០នាទីយប់ បណ្តាលឱ្យផ្សារនោះរងការខូចខាតយ៉ាងដំណំ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការពារជនស៊ីវិលក្រុង អឺបៀល បានពន្លត់អណ្ដាតភ្លើងដោយជោគជ័យបន្ទាប់ពីការប្រឹងប្រែងដ៏ស្វិតស្វាញ។
លោក កាវ៉ាន មីរ៉ាវដេលី (Karwan Mirawdely)អ្នកនាំពាក្យរបស់ក្រុមការពារជនស៊ីវិលក្រុងអឺបៀល បានបញ្ជាក់ទៅកាន់សារព័ត៌មាន 964 ថាភ្លើងត្រូវបានពន្លត់ បន្ទាប់ពីការខិតខំប្រឹងប្រែងឆ្លើយតបយ៉ាងខ្លាំងក្លា។មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមានការសន្និដ្ឋានថាអាចជាការឆ្លងចរន្តអគ្គិសនី ដែលអាចបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំងនាពេលនោះ ។

ប្រភពពីក្រុមការពារជនស៊ីវិលបានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយ 964 ថា អង្គភាពនិងយានជំនិះដែលមានទាំងអស់ត្រូវបានបញ្ជូនពីមូលដ្ឋានរបស់ពួកគេនៅទីក្រុងអឺបៀល ដើម្បីគ្រប់គ្រងស្ថានការណ៍។ អ្នកយកព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ964បាននៅនឹងកន្លែងកើតហេតុដោយផ្តល់ព័ត៌មានទាន់ហេតុការណ៍ រូបភាព និងវីដេអូអំពីអគ្គិភ័យ និងសកម្មភាពឆ្លើយតបអគ្គិភ័យនានា។
ក្រុមឆ្លើយតបបន្ទាន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ 964 ថាមនុស្សពី ២៥ ទៅ ៣០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែការស្រូបផ្សែងនិងបញ្ហាផ្លូវដង្ហើម។ចំណែក លោក អូម៉េដ ខូស្នាវ (Omed Khoshnaw) អភិបាលក្រុងអឺបៀល បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង២០នាក់ បានទទួលការព្យាបាល បន្ទាប់ពីឧបទ្ទវហេតុនេះ។
សេចក្តីរាយការណ៍បឋមបង្ហាញថា ហាងជាង ៥០ បានរងការខូចខាតក្នុងអគ្គិភ័យនេះ ខណៈកំពុងវាយតម្លៃបន្ថែមទៀតលើទំហំនៃការខូចខាតទាំងស្រុង៕