ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេអាចពិចារណាឡើងវិញនូវការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ពួកគេលើការដឹកជញ្ជូនអន្តរជាតិ នៅសមុទ្រក្រហម នៅពេលដែលអ៊ីស្រាអែល បញ្ចប់ «ការឈ្លានពាន»របស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

នៅពេលសួរថាតើពួកគេនឹងបញ្ឈប់ការវាយប្រហារដែរឬយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានឈានដល់ អ្នកនាំពាក្យក្រុមហ៊ួទី លោក ម៉ូហាមេដ អាប់ឌុលសាឡាម (Mohammed Abdulsalam) បានប្រាប់សារព័ត៌មានរ៉យទ័រថា ស្ថានភាព នឹងត្រូវបានវាយតម្លៃឡើងវិញ ប្រសិនបើការឡោមព័ទ្ធតំបន់ហ្កាហ្សា ត្រូវបានបញ្ចប់ ហើយជំនួយមនុស្សធម៌ អាចចូលបានដោយសេរីនោះ។

លោកបានបញ្ជាក់ថា៖«វានឹងមិនមានការបញ្ឈប់ចំពោះប្រតិបត្តិការណាមួយដែលជួយប្រជាជនប៉ាឡេស្ទីន លើកលែងតែពេលដែលការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងការឡោមព័ទ្ធ ត្រូវបានបញ្ឈប់ មុនពេលមានរបាយការណ៍ថ្មីនៃការវាយប្រហារផ្សេងទៀតដែលអាចកើតឡើងនោះ។

ក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា នាវាផ្ទុកយន្តហោះរបស់ក្រិកមានទង់ជាតិកោះ Marshall កាលពីថ្ងៃអង្គារ បានរាយការណ៍ថា មីស៊ីលមួយគ្រាប់ ត្រូវបានវាយប្រហារក្នុងទឹកចម្ងាយ ៣ម៉ាយ(ជាង៤គីឡូម៉ែត្រ)ពីនាវា ដែលស្ថិតនៅចម្ងាយ៦៣ម៉ាយ (១០១គីឡូម៉ែត្រ)ពីភាគពាយព្យនៃទីក្រុងហូដេដា( Hodeidah)ប្រទេសយេម៉ែន។
ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) ក៏បានជូនដំណឹងអំពីឧបទ្ទវហេតុនេះផងដែរ ដោយបន្ថែមថា ក្រុមនាវិក និងនាវា ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព និងបន្តដំណើរទៅកាន់កំពង់ផែមួយទៀត។