យោងតាមនាយកដ្ឋានឧតុនិយមថៃ (TMD) បានឱ្យដឹងថា ប្រទេសថៃគ្រោងនឹងទប់ទល់នឹងកម្ដៅដ៏ខ្លាំង ជាមួយនឹងទឹកភ្លៀងដែលបានព្យាករថាមានកម្រិត ២០ ភាគរយទាបជាងធម្មតាក្នុងរដូវក្តៅឆ្នាំនេះ ដោយសារតែគំរូអាកាសធាតុ អ៊ែលនីញ៉ូ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានឈានចូលរដូវកាលក្តៅរបស់ខ្លួនជាផ្លូវការកាលពីសប្តាហ៍មុន ដែលនឹងបន្តរហូតដល់ពាក់កណ្តាលខែឧសភា។ សីតុណ្ហភាពពេលថ្ងៃជាមធ្យមត្រូវបានគេរំពឹងថានឹងខ្ពស់ជាងឆ្នាំមុន ២ អង្សាសេ ខណៈសីតុណ្ហភាពនៅតំបន់ភាគឦសាន និងភាគខាងជើងអាចកើនឡើងដល់ ៤៤,៥ អង្សាសេ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានឧតុនិយមថៃ នាពេលថ្មីៗនេះ។

នាយកដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាជធានីបាងកក បានរាយការណ៍ពីកម្រិតគួរឱ្យព្រួយបារម្ភនៃសន្ទស្សន៍កម្ដៅនៅក្នុងស្រុកមួយចំនួនកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ជាមួយនឹងការព្យាករណ៍ថានឹងឈានដល់កម្រិតខ្ពស់ដ៏គ្រោះថ្នាក់រហូតដល់ ៤៣,៦ អង្សាសេនៅថ្ងៃពុធនេះ មុនពេលលោតដល់ ៤៧,៥ អង្សាសេនៅថ្ងៃព្រហស្បតិ៍។
អភិបាលក្រុងបាងកក លោក ឆាត់ឆាត ស៊ីធីភុន (Chadchart Sittipunt) បាននិយាយថា រដ្ឋបាលក្រុងបាងកក (BMA) បានចាត់វិធានការបង្ការ រួមទាំងការព្រមានសាធារណជនអំពីការកើនឡើងនៃសីតុណ្ហភាព ជាពិសេសហានិភ័យនៃជំងឺសុរិយរោគ ឬ ការថប់ដង្ហើមដោយសារកម្ដៅខ្ពស់ពេក ក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះ៕