រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារ បានបញ្ជាក់អំពីភាពបន្ទាន់ នៃការឈានឆ្ពោះទៅមុខរួមគ្នាជាមួយសម្ព័ន្ធមិត្តប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 ដើម្បីដោះស្រាយការវាយតម្លៃនៃទ្រព្យអធិបតេយ្យភាពរបស់រុស្ស៊ីដែលត្រូវបានបង្កក ប៉ុន្តែបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ពុំមានយុទ្ធសាស្ត្រជាទីពេញចិត្តសម្រាប់របៀបបន្តដំណើរការនេះទេ។

លោកស្រី Yellen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនកិច្ចប្រជុំជាមួយសមភាគីប្រទេស G7 និង G20 ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងវាយតម្លៃជម្រើសផ្សេងៗគ្នា និងហានិភ័យដែលពាក់ព័ន្ធ ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការធានាបានថា វាស្របទៅតាមច្បាប់អន្តរជាតិ។ លោកស្រី និយាយថា មានហានិភ័យពាក់ព័ន្ធ ប៉ុន្តែបាននិយាយសម្រាលពីការព្រួយបារម្ភថា ទ្រព្យរបស់រុស្ស៊ីដែលត្រូវបានរឹបអូស នឹងធ្វើឱ្យអន្តរាយដល់មុខងារប្រាក់ដុល្លារ ប្រាក់អឺរ៉ូ ឬប្រាក់យ៉េនរបស់ជប៉ុន ដែលជារូបិយប័ណ្ណសកលដ៏សំខាន់។

លោកស្រី Yellen បាននិយាយអំពីផលប៉ះពាល់អវិជ្ជមាននូវជម្លោះនៅតំបន់ហ្កាហ្សា កំពុងកើតមានសម្រាប់សេដ្ឋកិច្ចរបស់អ៊ីស្រាអែល និងតំបន់ West Bank ។
នៅក្នុងសុន្ទរកថា លោកស្រី Yellen បាននិយាយថា លោកស្រី បានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងលិខិតមួយកាលពីពេលថ្មីៗនេះ សុំឱ្យអនុញ្ញាតការងារឡើងវិញសម្រាប់ប្រជាជនប៉ាឡេស្ទីន និងកាត់បន្ថយរបាំងពាណិជ្ជកម្មនៅក្នុងតំបន់ West Bank ។
លោកស្រី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ពុំបានមើលឃើញផលប៉ះពាល់ខ្លាំងនៃជម្លោះលើសេដ្ឋកិច្ចសកលនោះទេ ប៉ុន្តែនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងរដ្ឋបាលរបស់លោក បានគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ថាជាការចាំបាច់ដើម្បីកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។
មន្ត្រីសហរដ្ឋអាមេរិក បានប្រកាន់ជំហររិះគន់ខ្លាំងបន្ថែមទៀត លើការវាយលុករបស់អ៊ីស្រាអែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សាកើនឡើងជិត ៣០.០០០នាក់។