ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ជាក់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា «ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន»ជាព័ត៌មានក្លែងក្លាយ។
ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបញ្ជាក់ថា យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះសូមសាធារមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ។
យោងតាមសេចក្ដីបំភ្លឺរបស់អធិការដ្ឋាននគរបាល ស្រុកបូទុមសាគរ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៥០នាទី នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីអិចស្កាវ៉ាទ័រ ថយកិនបុរស១នាក់ស្លាប់ ក្រោយពេលកើតហេតុអ្នកបើកបរគ្រឿងចក្របានរត់គេចខ្លួន។ សពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាព បានទៅពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿងចក្រកិនស្លាប់ពិតប្រាកដមែន។
អធិការដ្ឋាននគរបាល ស្រុកបូទុមសាគរ បានឱ្យដឹងថា ករណីនេះបណ្ដាលមកពីមូលហេតុអ្នកបើកបរគ្រឿងចក្រខ្វះការប្រុងប្រយ័ត្ន។ ហើយបើតាមការបំភ្លឺពីរសាច់ញ្ញាតិរបស់ជនរងគ្រោះថា ជនរងគ្រោះបានជួលគ្រឿងចក្រ មកវ៉ៃព្រៃ និងជីកស្រះទឹក នៅចំការរបស់ជនរងគ្រោះ។
អធិការដ្ឋាននគរបាល ស្រុកបូទុមសាគរ បញ្ជាក់ថា ករណីខាងលើកនេះកម្លាំងផ្នែកជំនាញព្រហ្មទណ្ទស្រុក កំពង់ស្រាវជ្រាវសាវតាជាតិអ្នកបើកបរបង្ករ និងតាមចាប់ខ្លួន និងកសាងសំនុំរឿងតាមនិតិវិធីច្បាប់។ ចំពោះវត្ថុតាងគ្រឿងចក្រ(អិចស្កាវ៉ាទ័រ)យកមករក្សាទុកនៅអធិការដ្ឋាន៕
