ស្នូកឃ័រ៖ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានគោរពតាមសន្យាដោយបែងចែកនូវប្រាក់រង្វាន់មួយចំនួន ដែលទទួលបានពីការឈ្នះជើងឯកពានរង្វាន់កម្រិតពិភពលោក Blue One Resort Championship 2021 នៅប្រទេសកូរ៉េកាលពីថ្មីៗ ទិញនូវសម្ភារៈមួយចំនួនដូចជាម៉ាស់ ថ្នាំសត្វល្អិត និងសម្ភារៈសិក្សាជាដើម សម្រាប់ជួយដល់អ្នកខ្វះខាតនៅប្រទេសកម្ពុជា។

កីឡាការិនីមានដើមកំណើតនៅខេត្តត្បូងឃ្មុំរូបនេះបានឲ្យដឹងថា ការទិញសម្ភារៈសប្បុរសធម៌សម្រាប់ជួយអ្នកខ្វះខាតនៅកម្ពុជានេះ គឺចំណាយសរុបប្រមាណ ៦ពាន់ដុល្លារដែលជាថវិកាផ្ទាល់របស់លោកស្រីទទួលបានពីការប្រកួតជើងឯក Blue One Resort Championship 2021 និងជំនួសសប្បុរសធម៌របស់ប្រទេសកូរ៉េមួយចំនួន ហើយតាមការគ្រោងទុកសម្ភារៈទាំងនោះនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗ ហើយបងប្រុសរបស់លោកស្រីនឹងធ្វើការបែងចែកទៅតាមមូលដ្ឋាន ឬសមាគមដែលមានត្រូវការចាំបាច់ជាក់ស្ដែង។ ស្ត្រីខ្មែរដែលសាងភាពល្បីល្បាញតាមរយៈអាជីពកីឡាស្នូកឃ័រការ៉ុម រហូតទទួលបានមុខងារមួយចំនួននៅក្នុងស្ថាប័នរដ្ឋនៃសាធារណរដ្ឋកូរ៉េរូបនេះ បានសម្ដែងនូវការសប្បាយចិត្តដែលខ្លួនទទួលបានជោគជ័យក្នុងការប្រកួត ហើយអ្វីដែលពិសេសលោកស្រីបានចែករំលែកនូវក្ដីស្រលាញ់ និងជួយមនុស្សជុំវិញខ្លួនទៅតាមលទ្ធភាពជាក់ស្ដែងដូចការសន្យា បន្ទាប់ពីលោកស្រីឈ្នះជើងឯក និងទទួលបានប្រាក់រង្វាន់ពីការប្រកួត Blue One Resort Championship 2021 លោកស្រីនឹងបរិច្ចាគថវិកាមួយចំនួន ដើម្បីទិញសម្ភារៈសប្បុរសធម៌ជួយដល់អ្នកខ្វះខាតនៅកម្ពុជា។

លោកស្រី ស្រួង ភាវី បន្ដថា ទោះបីជាការផ្ញើសម្ភារៈពីប្រទេសកូរ៉េមកកម្ពុជាមានការលំបាកខ្លះ តែលោកស្រីនៅតែអត់ធ្មត់ និងខំប្រឹងជានិច្ច ដើម្បីបានបញ្ជូនសម្ភារៈទាំងនោះដល់ដៃប្រជាពលរដ្ឋខ្មែរដែលខ្វះខាត ពិសេសអំឡុងវិបត្តិកូវីដ-១៩ ក៏ដូចជារដូវភ្លៀងផង ទើបលោកស្រីសម្រេចទិញម៉ាស់ និងថ្នាំសត្វល្អិតសម្រាប់បរិច្ចាគដល់គ្រួសារក្រីក្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផង និងបង្ការនូវជំងឺផ្សេងៗផង។ គួរបញ្ជាក់ថា ស្រួង ភាវី បានឈ្នះជើងឯកពានរង្វាន់ Blue One Resort Championship 2021 លើកដំបូងលើវិញ្ញាសាឯកត្ដជន ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិញស្វាញរយៈពេល ១សប្ដាហ៍ពេញនៅប្រទេសកូរ៉េកាលពីចុងខែមិថុនាកន្លងទៅ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងបានវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិតដើម្បីក្លាយជាម្ចាស់ពាន អមជាមួយប្រាក់រង្វាន់ ២០លានវ៉ុនស្មើនឹងជិត ១៨,០០០ដុល្លារ៕
អត្ថបទ៖ លី ឈុនឡា