លោកប្រធានាធិបតី Joe Biden ត្រូវបានកំណត់ថាបានឈ្នះការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋមីជីហ្គែន ទោះបីជាមនុស្សរាប់ម៉ឺននាក់តវ៉ាប្រឆាំងនឹងរូបលោកជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សាក៏ដោយ។

ក្រុមសកម្មជនបានជំរុញម្ចាស់ឆ្នោតបោះឆ្នោតឲ្យតែគណបក្សប្រជាធិបតេយ្យប៉ុណ្ណោះ កុំបោះឆ្នោតសម្រាប់ប្រធានាធិបតីឲ្យសោះ ដោយសារជំហររបស់លោកចំពោះសង្រ្គាមរបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា។យោងតាមសារព័ត៌មាន CBS News លោក Biden ទទួលបានសំឡេងគាំទ្រចំនួន៨០%។

ចំណែកលោក Donald Trump វិញបានយកឈ្នះអតីតអភិបាលរដ្ឋសោត ខារ៉ូឡាយណា(South Carolina) លោកស្រី នីគីហាលី (Nikki Haley)នៅក្នុងការបោះឆ្នោតបឋមមួយទៀតរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ មីជីហ្គែន (Michigan) ជាជ័យជម្នះចុងក្រោយបំផុតក្នុងការបោះឆ្នោតបឋម ខណៈលោកកាន់តែខិតទៅការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។

សារព័ត៌មាន AP បានរាយការណ៍ពីជ័យជម្នះរបស់លោក Trump លើអតីតអភិបាលរដ្ឋសោត ខារ៉ូឡាយណា និងជាឯអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិក្រោមអាណត្តិរបស់លោក Trump នៅម៉ោង៩យប់ម៉ោងក្នុងសហរដ្ឋអាមេរិក ។
អតីតប្រធានាធិបតីវ័យ៧៧ឆ្នាំរូបនេះ បានទម្លាក់លោកស្រី Haley ម្តងហើយម្តងទៀតនៅក្នុងការបោះឆ្នោតបឋមជាច្រើនរដ្ឋរួចមកហើយ ប៉ុន្តែលោកស្រី បានបន្តយុទ្ធនាការដោយព្យាយាមបង្ហាញពីចំណុចខ្សោយរបស់ Trump និងធ្វើឱ្យគណបក្សសាធារណរដ្ឋមិនសប្បាយចិត្តចំពោះលោក Trump។
លោកស្រី Haley បានសន្យាថានឹងបន្តយុទ្ធនាការរហូតដល់ថ្ងៃអង្គារ ទី៥ ខែមិនាខាងមុខ នៅពេលដែលរដ្ឋចំនួន ១៥ នឹងបោះឆ្នោត ហើយលោក Trump អាចឈ្នះក្នុងរដ្ឋទាំងអស់នោះ និងទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ៕