ខណៈប្រទេសកូរ៉េខាងត្បូង ប្រឈមមុខទៅនឹងវិបត្តិប្រជាសាស្រ្តជាមួយ នឹងអត្រាកំណើតទាបបំផុតរបស់ពិភពលោក ប្រទេសនេះកំពុងខិតខំប្រឹងប្រែងដើម្បីរៀបចំផែនការដ៏មានសក្តានុពលចំពោះចំនួនប្រជាជនវ័យចំណាស់របស់ខ្លួន។ ដំណោះស្រាយដោយភាពច្នៃប្រឌិតមួយចំនួន រួមមានការអនុញ្ញាតឱ្យមនុស្សចាស់មួយចំនួន ចុះឈ្មោះចូលរៀនក្នុងឆ្នាំវ័យចំណាស់របស់ពួកគេ ហើយថែមទាំងជួលពួកគេ ធ្វើជាតារាបង្ហាញម៉ូត ដើម្បីដើរលើវិថីម៉ូដ។

ប្រទេសកូរ៉េខាងត្បូង ត្រូវបានកំណត់ថានឹងក្លាយជាប្រទេសមានមនុស្សវ័យចំណាស់ច្រើននៅឆ្នាំ ២០២៥ ដែលនៅពេលនោះមនុស្សមានអាយុលើសពី ៦៥ឆ្នាំ នឹងមានចំនួនដល់២០ភាគរយ នៃចំនួនប្រជាជនសរុប៥២លាននាក់។

យោងតាមស្ថិតិរបស់ប្រទេសកូរ៉េ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០៥០ ចំនួននេះអាចកើនឡើងដល់ជិត ៤៤ ភាគរយនៃចំនួនប្រជាជន។ ទោះបីជាយ៉ាងណា ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង វ័យចំណាស់ ១០ នាក់ មាន ៦ នាក់ ឬច្រើនជាងនេះ នឹងប្រឈមប្រាក់ចំណូលមិនគ្រប់គ្រាន់ ហើយចំនួនមនុស្សចាស់ រស់នៅម្នាក់ឯង ក៏នឹងកើនឡើងផងដែរ។
អ្នកជំនាញបាននិយាយថា វាជារឿងសំខាន់សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការបង្កើតគោលនយោបាយ ដោះស្រាយការផ្លាស់ប្តូរប្រជាសាស្រ្តរបស់ប្រទេស និងបង្កើតមធ្យោបាយបន្ថែមទៀត សម្រាប់ប្រជាជនវ័យចំណាស់។ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា សាលាបឋមសិក្សាចំនួនប្រមាណ ៣.៨០០កន្លែង នៅទូទាំងប្រទេស បានបិទក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ដោយសារតែការធ្លាក់ចុះនៃការចុះឈ្មោះចូលរៀន ជាពិសេសនៅតាមតំបន់ជនបទ។