កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសឥណ្ឌា និងជប៉ុន កាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំលើកទី៥ មានឈ្មោះថា ដាម៉ា ហ្គាឌៀន «Dharma Guardian» រវាងប្រទេសទាំងពីរ នៅរដ្ឋ រ៉ាចាឋាន(Rajasthan) ភាគខាងលិច។

សមយុទ្ធនេះ ត្រូវបានធ្វើឡើងប្រចាំឆ្នាំ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការយោធា និងធ្វើឲ្យប្រសើរឡើងសមត្ថភាពនៃការអនុវត្តន៍ប្រតិបត្តិការរួមគ្នា។
កងទ័ពប្រទេសឥណ្ឌា និងជប៉ុន បានអនុវត្តការធ្វើសមយុទ្ធប្រយុទ្ធ និងសកម្មភាពផ្សេងៗ នៅក្នុងទីក្រុង ប៊ីកាន័រ (Bikaner) ប្រទេសឥណ្ឌា។ សមយុទ្ធយោធារយៈពេលពីរសប្តាហ៍នេះ ត្រូវបានកំណត់កាលបរិច្ឆេទបញ្ចប់នៅថ្ងៃសៅរ៍ ទី៩ ខែមីនា។

ប្រភពព័ត៌មានពីក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កងទ័ពប្រទេសឥណ្ឌា និងកងទ័ពស្វ័យការពារជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធារួមលើកទី ៥ ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៩ ខែមីនា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា និយាយថា លំហាត់សមយុទ្ធ «Dharma Guardian» បានចាប់ផ្តើមនៅទីលានបាញ់ Mahajan ក្នុងរដ្ឋវាលខ្សាច់ Rajasthan ប្រទេសឥណ្ឌា។
ការធ្វើផែនការរួមគ្នា សមយុទ្ធតាកទិករួម និងមូលដ្ឋានគ្រឹះនៃជំនាញអាវុធពិសេស គឺជាចំណុចសំខាន់នៃសមយុទ្ធនេះ ហើយសមយុទ្ធតាកទិកនេះ ត្រូវបានអនុវត្តអំឡុងពេលធ្វើធ្វើសមយុទ្ធដែលនឹងរួមមានការបង្កើតទីតាំងប្រតិបត្តិការណ្ដោះអាសន្ន បង្កើតការស៊ើបអង្កេត ស៊ើបការសម្ងាត់ និងបណ្តាញឈ្លបយកការណ៍ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យយានយន្តចល័ត ការរុករកនៅក្នុងភូមិអរិភាព ប្រតិបត្តិការតាមឧទ្ធម្ភាគចក្រ និងសមយុទ្ធអន្តរាគមន៍នៅតាមលំនៅឋាន។