បុគ្គលិកបោះឆ្នោតឥណ្ឌូនេស៊ី សរុបចំនួន ១១៤ នាក់បានស្លាប់ និងមនុស្សជាង ១៥.០០០ នាក់បានធ្លាក់ខ្លួនឈឺចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ មក នៅពេលដែលប្រទេសឥណ្ឌូនេស៊ី បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិរបស់ខ្លួន ដែលត្រូវបានគេឱ្យឈ្មោះថាជាការបោះឆ្នោតធំបំផុតរបស់ពិភពលោកក្នុងរយៈពេលតែមួយថ្ងៃ។

ខណៈពេលដែលចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនជិត ៩០០ នាក់ក្នុងឆ្នាំ២០១៩ ដោយពេលនោះជាលើកទីមួយដែលឥណ្ឌូនេស៊ីរៀបចំការបោះឆ្នោតប្រធានាធិបតី និងនីតិបញ្ញត្តិតែមួយថ្ងៃ ក្រុមអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោត និងអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យបានអំពាវនាវឱ្យមានការផ្លាស់ប្តូរបន្ថែមទៀតក្នុងទម្រង់បោះឆ្នោតតែមួយថ្ងៃនេះ ដើម្បីកាត់បន្ថយចំនួនការស្លាប់របស់បុគ្គលិក។

នៅឆ្នាំនេះ បុគ្គលិកបោះឆ្នោតជាង ៥,៧ លាននាក់បានបម្រើការនៅការិយាល័យបោះឆ្នោតជាង ៨២០.០០០ ទីតាំងនៅទូទាំងប្រទេសប្រជុំកោះ ដែលមានអ្នកបោះឆ្នោតចំនួន ២០៤,៨ លាននាក់នេះ។
បន្ថែមពីលើការដឹកជញ្ជូនដ៏ស្មុគស្មាញ ផ្នែកខ្លះនៃប្រទេសបានឃើញអាកាសធាតុអាក្រក់នៅថ្ងៃបោះឆ្នោត។ ជាឧទាហរណ៍ ទឹកជំនន់បានវាយប្រហារផ្នែកខ្លះនៃកោះជ្វា ដែលបណ្តាលឱ្យការបោះឆ្នោតត្រូវបានផ្អាក ឬពន្យារពេល ខណៈក្រុមមន្ត្រីបោះឆ្នោតតស៊ូធ្វើការនៅក្នុងទឹក៕