ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី២របស់ក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមប្រឹក្សាបច្ចេកទេស និងសមាជិកសមាជិកា ក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត តាមរយៈកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
លោកស្រីវេជ្ជបណ្ឌិត សៀង សុវត្ថិទេវី ប្រធានកម្មវិធីអេដស៍ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា យន្តការឆ្លើយតបនឹងមេរោគអេដស៏ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជា ទី១ រចនាសម្ព័ន្ធការគ្រប់គ្រងអេដស៍ មានដូចជា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏រាជធានីភ្នំពេញ លេខាធិការដ្ឋានប្រយុទ្ធនឹងជម្ងឺអេដស៏រាជធានីភ្នំពេញ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏ខណ្ឌទាំង១៤ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏សង្កាត់ៈ ៥៥ សង្កាត់ (៧ ខណ្ឌ) និងមានអង្គការជាដៃគូចំនួន ៨ ធ្វើការជាមួយក្រុមប្រជាជនគន្លឹះ ព្រមទាំងមានអង្គការចំនួន៣ ធ្វើការជាមួយអ្នកផ្ទុកមេរោគអេដស៍។
ទី២ រៀបចំផែនការយុទ្ធសាស្រ្ត សំខាន់ៗដូចជា រៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីពន្លឿនការសម្រេចបានគោលដៅបញ្ចប់ការរីករាលដាលមេរោគអេដស៍ (FTCI) មាន៥ គោលបំណង ១៩ យុទ្ធសាស្រ្ត និងផែនការសកម្មភាព អនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៏ (FTCI)សម្រាប់ឆ្នាំ ២០២៣ ចំនួន ១៧ សកម្មភាព ផ្តោតលើការ ផ្សព្វផ្សាយ ប្រជុំសម្របសម្រួល ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមូលដ្ឋាន ។
លោកស្រីបញ្ជាក់ថា តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្រ្តនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២០៩៥២ នាក់តាមលទ្ធផលនៃការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍បានបង្ហាញថាមានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២៤២០៧ នាក់មានដឹងពីស្ថានភាពរបស់ខ្លួន ដែលត្រូវជា ១១៦% ដែលក្នុងចំណោមនោះមានអ្នកទទួលបានការព្យាបាលចំនួន ២៤ ២០១នាក់ (=១០០%) និងអ្នកបានធ្វើតេស្តរកមេរោគ (Viro-load test) មានចំនួន ២០ ១៦៦ (៨៣,៣%)។
ទន្ទឹមនឹងការទទួលលទ្ធផលល្អខាងលើលោកស្រីលើកឡើងពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារនេះរួមមានអត្រាប្រេវ៉ាឡង់ និងអត្រាឆ្លងថ្មីនៃមេរោគអេដស៏នៅតែមានកម្រិតខ្ពស់ក្នុងចំណោមក្រុមប្រឈមមុខ។ បទអន្តរាគមន៏បង្ការលើក្រុមប្រឈមមុខគ្របដណ្តប់បានតែ ៦១.៩% ជាដើម។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានផ្តល់នូវអនុសាសន៍ឱ្យក្រុមការងារបន្តការអប់រំផ្សព្វផ្សាយការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីបង្ការការឆ្លងថ្មី ជាពិសេសលើក្រុមប្រជាជនគន្លឹះ, ជំរុញការផ្សព្វផ្សាយឱ្យអ្នកប្រព្រឹត្តិប្រឈមឱ្យប្រញាប់មកធ្វើតេស្តមេរោគអេដស៍ ដើម្បីឆ្ពោះទៅសម្រេចគោលដៅគោលដៅ៩៥ទី១។ បង្កើតកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតតាមរយៈការប្រមូលផ្តល់ព័ត៌មាន និងសម្របសម្រួលការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋាន និងជំរុញការអនុវត្តថវិកាសម្របតាមសកម្មភាពដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ជូន៕ អត្ថបទ ៖ រដ្ឋា








