
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធ (២៨ កុម្ភៈ) នេះថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធានិទាឃរដូវប្រចាំឆ្នាំរបស់ពួកគេនៅសប្តាហ៍ក្រោយ ដោយផ្តោតលើការការពារលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
សមយុទ្ធ ខែលការពារសេរីភាព (Freedom Shield) ដែលកំណត់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមីនា ខាងមុខនេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើង បន្តសាកល្បងមីស៊ីល និងប្រព័ន្ធអាវុធផ្សេងទៀត ព្រមទាំងអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ ហើយសមយុទ្ធនេះគឺជាលើកទីមួយ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ កាលពីខែវិច្ឆិកាមក។
ក្រុមមន្ត្រីមកពីយោធានៃប្រទេសទាំងពីរបាននិយាយនៅក្នុងសន្និសីទខ្លីមួយថា សមយុទ្ធនេះនឹងមានលក្ខណៈ «តឹងតែង និងជាក់ស្តែង» ហើយផ្អែកលើសេណារីយ៉ូដែលឆ្លុះបញ្ចាំងពីមេរៀននៃជម្លោះនាពេលថ្មីៗនេះ។
សមយុទ្ធនេះត្រូវបានរៀបចំឡើងជាចម្បងដើម្បីបន្សាបការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំង «កំណត់អត្តសញ្ញាណ និងវាយប្រហារប្រឆាំង» មីស៊ីលតម្រង់គោលដៅ ដែលទីក្រុងព្យុងយ៉ាង បានអះអាងថាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕