
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា សមាជិកសភារបស់ប្រទេសចិន បានពង្រីកច្បាប់ស្ដីពីការសម្ងាត់រដ្ឋរបស់ទីក្រុងប៉េកាំង ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ ដោយពង្រីកវិសាលភាពនៃព័ត៌មានរសើបដែលបានដាក់កម្រិត ទៅជា «ការសម្ងាត់ការងារ» នេះបើយោងតាមអត្ថបទពេញនៃច្បាប់ដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ (Xinhua) បានរាយការណ៍ថា ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន បានអនុម័តច្បាប់កែប្រែថ្មីស្តីពីការការពារអាថ៌កំបាំងរដ្ឋនេះកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ហើយច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែឧសភា។
ក្រុមអ្នកវិភាគនិយាយថា ច្បាប់ដែលបានពង្រីកនេះគឺជាភស្តុតាងបន្ថែមទៀតនៃការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) លើសន្តិសុខជាតិ ដែលបាននាំឱ្យមានការធ្វើបច្ចុប្បន្នភាពយ៉ាងទូលំទូលាយចំពោះច្បាប់ប្រឆាំងចារកម្មរបស់ទីក្រុងប៉េកាំង កាលពីខែមេសា ដែលប្រទេសមួយចំនួនភ័យខ្លាចថាអាចត្រូវបានប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មលើសកម្មភាពអាជីវកម្មទូទៅ។
ការសម្ងាត់របស់រដ្ឋនាពេលបច្ចុប្បន្ននេះពាក់ព័ន្ធនឹងផ្នែកជាច្រើនរាប់ចាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាល និងបក្សកុម្មុយនិស្តចិន រហូតដល់សកម្មភាពយោធា និងការទូត ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម៕