
ក្រសួងដឹកជញ្ជូនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣១ នាក់បានស្លាប់នៅក្នុងប្រទេសម៉ាលី កាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) នៅពេលដែលរថយន្តក្រុងមួយគ្រឿងបានធ្លាក់ពីលើស្ពានឆ្លងទន្លេនៅជិតទីក្រុង ខេនីបា (Kenieba) ភាគខាងលិច។
ក្រសួងបាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរទៅកាន់ប្រទេស បួគីណាហ្វាសូ នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៥:០០ ល្ងាច (ម៉ោងក្នុងស្រុក) ដោយបន្ថែមថា ជនជាតិម៉ាលី និងពលរដ្ឋនៃកន្លែងផ្សេងទៀតនៅក្នុងអនុតំបន់អាហ្វ្រិកខាងលិច ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ ហើយមូលហេតុនៃគ្រោះថ្នាក់នេះទំនងជាបណ្ដាលមកពីអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបាន។
គ្រោះថ្នាក់ចរាចរណ៍ កើតមានជាញឹកញាប់នៅអាហ្រ្វិកខាងលិច ដែលការដឹកជញ្ជូនសាធារណៈជារឿយៗផ្ទុកលើសទម្ងន់ និងគ្រប់គ្រងមិនបានល្អ។ ទ្វីបអាហ្រ្វិក មានចំនួនប្រហែលមួយភាគបួននៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍របស់ពិភពលោក បើទោះបីជាទ្វីបនេះមានតួលេខយានជំនិះមិនដល់ ២% ក្នុងពិភពលោកក៏ដោយ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញនៅឆ្នាំ២០២៣៕