
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ដោយដកស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងការពារជាតិថា កូរ៉េខាងជើងបានដឹកជញ្ជូនកុងតឺន័រប្រហែល ៦.៧០០ គ្រឿងដែលផ្ទុកគ្រាប់រំសេវរាប់លានគ្រាប់ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីខែកក្កដាមក ដើម្បីគាំទ្រដល់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយនោះជាសញ្ញានៃការផ្ទេរអាវុធដែលកំពុងបន្តដោយប្រទេសទាំងពីរនេះ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រី ស៊ីន វ៉ុនស៊ីក (Shin Won-sik) បាននិយាយថា កុងតឺន័រទាំងនោះអាចផ្ទុកគ្រាប់កាំភ្លើងធំកម្រិត ១៥២ មីលីម៉ែត្រជាង ៣ លានគ្រាប់ ឬគ្រាប់កម្រិត ១២២ មីលីម៉ែត្រចំនួន ៥០០.០០០ គ្រាប់។
លោកបានបន្ថែមថា រោងចក្រគ្រាប់រំសេវកូរ៉េខាងជើងរាប់រយទីតាំងកំពុងដំណើរការក្នុងរង្វង់ប្រហែល ៣០% នៃសមត្ថភាពរបស់ពួកគេ ដោយសារកង្វះវត្ថុធាតុដើម និងអគ្គិសនី ប៉ុន្តែរោងចក្រផលិតគ្រាប់កាំភ្លើងធំសម្រាប់រុស្ស៊ី កំពុងដំណើរការយ៉ាងពេញទំហឹង ដោយមិនបានបញ្ជាក់លម្អិតពីប្រភពនៃព័ត៌មាននេះទេ។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ពីបទជួញដូរអាវុធ ហើយបានថ្កោលទោសកូរ៉េខាងជើង ចំពោះការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែប្រទេសទាំងពីរនេះបានបដិសេធ បើទោះបីជាពួកគេបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាក៏ដោយ៕