
ទីភ្នាក់ព័ត៌មានអ៊ីរ៉ាក់ផ្លូវការ បានរាយការណ៍ថា រដ្ឋាភិបាល ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមផែនការជំរុញទឹកចិត្តប្រជាជនភៀសខ្លួន ឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ ពីជំរំភៀសខ្លួន នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តជនជាតិឃឺត។
លោក ការីម អាល់ នួរី (Karim al-Nouri) អនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍និងភៀសខ្លួន បានប្រាប់ទីភ្នាក់ងារព័ត៌មានថា ផែនការនេះនឹងត្រូវបានអនុវត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងដឹកជញ្ចូន និងក្រសួងអប់រំ ខណៈរួមបញ្ចូលឱកាសការងារ និងការបង្កើនចំនួនទឹកប្រាក់ដ៏សំខាន់ ដែលត្រូវបានផ្តល់ដល់ក្រុមគ្រួសារជនភៀសខ្លួននីមួយៗ។ លោក Al-Nouri បាននិយាយថា ក្រសួងដឹកជញ្ចូន បានអនុម័ត កម្មវិធីមួយ ដើម្បីផ្តល់ការងាររត់តាក់ស៊ី សម្រាប់អ្នកភៀសខ្លួន ដែលអាចបើកបររថយន្តបាន ។
លោកបាននិយាយបន្ថែមថា គណៈរដ្ឋមន្ត្រី បានបោះឆ្នោតគាំទ្របង្កើនចំនួនទឹកប្រាក់ ត្រូវបានផ្តល់ទៅឲ្យក្រុមគ្រួសារជនភៀសខ្លួន ដែលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ពួកគេវិញ ដល់ចំនួន៤លានឌីណា អ៊ីរ៉ាក់ឬប្រមាណ៣.០៥៦ដុល្លារ ពីចំនួនកាលពីពេលមុន១,៥លាន ឌីណាអ៊ីរ៉ាក់។ ក្រសួងអន្តោប្រវេសន៍ នឹងភៀសខ្លួន បានកំណត់ថ្ងៃទី៣០ ខែ មិថុនា ជាកាលបរិច្ឆេទ បិទជំរំជាអចិន្រ្តៃយ៍ សម្រាប់ជនភៀសខ្លួននៅក្នុងតំបន់ជនជាតិឃឺត។
យោងតាមតួលេខដែលបានចេញផ្សាយដោយស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានឲ្យដឹងថា មានប្រជាជនភៀសខ្លួននៅខាងក្នុងប្រទេស ជាង១លាននាក់ ក្នុងប្រទេសអ៊ីរ៉ាក់។ ពួកគេត្រូវបានរារាំង មិនឲ្យត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ ដោយសារតែភាពអសន្តិសុខ ខ្វះខាតជីវភាពក្នុងការរស់នៅ ឬលំនៅឋានរបស់ពួកគេខូចខាត ឬត្រូវបានបំផ្លាញ។