
ប្រធានាធិបតី លោក Yoon Sun Yeol កាលពីថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) បានប្តេជ្ញាថា នឹងបន្តផែនការបង្កើនចំនួនសិស្សចុះឈ្មោះចូលរៀននៅសាលាពេទ្យ ដើម្បីធ្វើឲ្យការថែទាំសុខភាពកាន់តែប្រសើរឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបាននិយាយថា មិនគួរមានហេតុផលអ្វីឡើយ ដើម្បីធ្វើការតវ៉ា ចំពោះការកើតមាននូវកំណែទម្រង់នេះ។
គួរបញ្ជាក់ថា គ្រូពេទ្យវ័យក្មេងជាង ៩.០០០នាក់ ឬប្រមាណជា ២ភាគ៣ នៃចំនួនគ្រូពេទ្យហាត់ការសរុប នៅកូរ៉េខាងត្បូង បាននាំគ្នាឈប់ពីការងារ កាលពីសប្តាហ៍មុន ដោយសារផែនការនេះ ដោយលើកឡើងថា វិស័យថែទាំសុខភាពមិនខ្វះគ្រូពេទ្យនោះទេ ហើយរដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារជាចម្បង។
រដ្ឋមន្ត្រីជាច្រើនរូបបានព្រមានក្រុមបាតុករពីការមានវិធានការផ្លូវច្បាប់ ក្នុងនោះរួមទាំងការព្យួរអាជ្ញាប័ណ្ណរបស់ពួកគេផងដែរ ហើយក្នុងពេលជាមួយគ្នា ក៏បានអញ្ជើញគ្រូពេទ្យទាំងនោះមកពិភាក្សា ដើម្បីបញ្ចប់ជម្លោះ។
តែយ៉ាងណាក្ដី លោក Yoon បានរក្សាជំហរមិនចុះញ៉មដដែល ពោលគឺជាជំហរដែលលោកបានធ្វើនៅពេលប្រឈមជាមួយការធ្វើកូដកម្មដោយក្រុមអ្នកដឹកទំនិញ ក្នុងឆ្នាំ២០២២ ខណៈដែលជម្លោះនោះបានចាប់ផ្តើមរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងគំរាមកំហែងដល់ឧស្សាហកម្មសំខាន់ៗឲ្យគាំងលែងដំណើរការ។
លោក Yoon បាននិយាយអំពីផែនការនេះថា៖ «នេះមិនមែនជាបញ្ហា ដើម្បីឲ្យមានការចរចា ឬការសម្រុះសម្រួលនោះទេ»។ ជាមួយគ្នានេះ លោកក៏បានប្រាប់ផងដែរថា ផែនការនេះមានរួមបញ្ចូលទាំងការពង្រីកការការពារផ្លូវច្បាប់ សម្រាប់ក្រុមគ្រូពេទ្យ និងគម្រោងនានាដែលនឹងធ្វើឲ្យសេវាថែទាំសុខភាពកាន់តែប្រសើរឡើង នៅតាមតំបន់ជនបទ៕