
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល (Olaf Scholz) កាលពីថ្ងៃអង្គារ បានច្រានចោលការលើកឡើងដែលថា បណ្តាប្រទេសអឺរ៉ុប និងសមាជិកសម្ព័ន្ធមិត្តណាតូ នឹងបញ្ជូនកងទ័ពជើងគោក ទៅកាន់អ៊ុយក្រែនមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងពីការរំពឹងទុកថា អ្នកខ្លះ អាចនឹងធ្វើដូច្នេះ។
សមាជិកសភាអាល្លឺម៉ង់ បាននិយាយប្រឆាំងនឹងគំនិតដែលលោកម៉ាក្រុង បានលើកឡើងនៅឯកិច្ចប្រជុំរៀបចំយ៉ាងប្រញាប់ប្រញាល់របស់ក្រុមមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។ វិមានក្រឹមឡាំង បានព្រមានថា វានឹងបង្ហាញពីការកើនឡើងនៃភាពតានតឹងដ៏ធំ។
លោកសូល បានថ្លែងនៅខាងក្រៅព្រឹត្តិការណ៍មួយថា៖« ជាថ្មីម្តងទៀត នៅក្នុងការជជែកពិភាក្សាដ៏ល្អមួយ វាត្រូវបានពិភាក្សាថា អ្វីដែលបានព្រមព្រៀងគ្នា តាំងពីដើមដំបូងក្នុងចំណោមខ្លួនយើង និងជាមួយគ្នាក៏ អនុវត្តចំពោះអនាគតដែរ ពោលគឺនឹងមិនមានកងទ័ពជើងគោក គ្មានទាហាននៅលើទឹកដីអ៊ុយក្រែនដែលបញ្ជូនទៅកាន់ទីនោះ ដោយបណ្តាប្រទេសអឺរ៉ុប ឬរដ្ឋជាសមាជិកណាតូទេ។
ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ក្រុមមេដឹកនាំអឺរ៉ុបឥឡូវនេះ ហាក់ដូចជាមានឆន្ទៈក្នុងការទិញអាវុធពីប្រទេសទីបី នៅខាងក្រៅអឺរ៉ុបជាមធ្យោបាយនៃការពន្លឿនជំនួយយោធាដល់អ៊ុយក្រែន។
ប្រទេសអាល្លឺម៉ង់ បានក្លាយជាប្រទេសផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតទីពីររបស់អ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីពេញទំហឹងមកលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ុន្តែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះជំហានដែលនឹងទាក់ទាញសម្ព័ន្ធភាពណាតូទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។