
ក្រុមហ៊ុន Toyota Motor របស់ប្រទេសជប៉ុន នៅថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) នេះ បានឲ្យដឹងថា ផលិតកម្មរថយន្តសកល បានកើនឡើង ៧ភាគរយ នៅក្នុងខែមករា ដែលជាការកើនឡើងធៀបនឹងឆ្នាំមុន សម្រាប់រយៈពេល ១៣ខែជាប់ៗគ្នា ខណៈដែលក្រុមហ៊ុនផលិតរថយន្តមួយនេះទទួលបានផលពីតម្រូវការខ្លាំងក្លារបស់សហរដ្ឋអាមេរិក។
ទិន្នផលសម្រាប់ខែមករា បានឡើងដល់ ៧៤០.៣៣២គ្រឿង ខណៈដែលការលក់នៅទូទាំងពិភពលោក បានហក់ឡើងប្រហែល ១១ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលកំណើននៅក្នុងទីផ្សារក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម បានធ្វើឲ្យការលក់ធ្លាក់ចុះ នៅក្នុងប្រទេសជប៉ុន។ តួលេខទាំង២ រួមបញ្ចូលទាំងការលក់រថយន្តប្រណីតម៉ាក Lexus ផងដែរ។
ការលក់នៅសហរដ្ឋអាមេរិក សម្រាប់ខែនេះ បានកើនឡើង ២៣ភាគរយ ខណៈដែលការលក់នៅអឺរ៉ុប ឡើង ២ភាគរយ ដោយចំនួននេះបានជួយទូទាត់នូវការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ ក្នុងស្រុក ១៤ភាគរយ។ ខណៈដែលការលក់នៅប្រទេសចិនបានកើនឡើង ៣៩ភាគរយ ការកើនឡើងមួយផ្នែក គឺព្រោះតែពួកឈ្មួញ លក់រថយន្តបានច្រើនថ្ងៃជាងឆ្នាំមុន ដោយសារការផ្លាស់ប្តូរប្រតិទិនទាក់ទងនឹងបុណ្យចូលឆ្នាំចិន។ តែយ៉ាងណាក្ដី ក្រុមហ៊ុន Toyota បាននិយាយថា ការប្រកួតប្រជែងនៅចិន បានបន្តកើនឡើងខ្លាំង។
គួរបញ្ជាក់ដែរថា ស្ទើរតែ ២ភាគ៥ នៃរថយន្ត ដែលក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ពិភពលោក បានលក់ក្នុងខែមករា គឺជារថយន្តប្រភេទហាយប៊្រីដប្រើសាំង-អគ្គិសនី៕