អាមេរិក៖ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាននឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហាជិត ២០ឆ្នាំបន្ទាប់ពីបានចាប់ផ្តើម។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថានៅសេតវិមានថា យោធាសហរដ្ឋអាមេរិកបាន "សម្រេច" គោលដៅរបស់ខ្លួននៅក្នុងប្រទេសនេះ ដោយបានសម្លាប់មេភេរវកម្ម Osama bin Laden កាត់បន្ថយកម្លាំងពួកអាល់កៃដា និងរារាំងការវាយប្រហារបន្ថែមទៀតលើសហរដ្ឋអាមេរិក។ លោក Biden បានការពារការសម្រេចចិត្ត ក្នុងការបញ្ចប់ប្រតិបត្តិការសឹកនៅប្រទេសអាហ្វហ្គានីស្ថាន។ លោកថា យើងកំពុងបញ្ចប់សង្គ្រាមដ៏យូរអង្វែងបំផុតរបស់សហរដ្ឋអាមេរិក។ លោកបន្តថា ស្ថានភាពបច្ចុប្បន្នមិនមែនជាជម្រើសទេ។ ខ្ញុំនឹងមិនបញ្ជូនជនជាតិអាមេរិកជំនាន់ក្រោយទៅធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថានទេ។
លោកបានថ្លែងថា: «សហរដ្ឋអាមេរិកមិនអាចមានលទ្ធភាពរក្សាការភ្ជាប់ ទៅនឹងគោលនយោបាយដែលបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងពិភពលោកដូចទៅនឹងពេលវេលាកាលពី ២០ឆ្នាំមុននោះទេ។ យើងចាំបាច់ត្រូវឆ្លើយតបនឹងការគំរាមកំហែង នៅទីដែលពួកគេកំពុងរស់នៅសព្វថ្ងៃនេះ។ លោក Biden បាននិយាយថា សហរដ្ឋអាមេរិក "មិនបានទៅប្រទេសអាហ្វហ្គានីស្ថានដើម្បីកសាងប្រទេសនោះទេ" ។ វាជាសិទ្ធិ និងទំនួលខុសត្រូវរបស់ប្រជាជនអាហ្វហ្គានីស្ថានតែម្នាក់ឯង ក្នុងការសម្រេចលើជោគវាសនាអនាគតរបស់ពួកគេ៕
អត្ថបទ៖ សុខមាន