
ប្រជាជនរាប់ម៉ឺននាក់ នៅភាគអគ្នេយ៍ប្រទេសអូស្ត្រាលី ត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួនចេញនៅថ្ងៃពុធនេះ ដោយសារតែរលកកម្តៅខ្លាំង ដែលអាជ្ញាធរបាននិយាយថា អាចរាលដាលបន្ថែមទៀតនូវចំហេះព្រៃទ្រង់ទ្រាយធំ នៅក្នុងរដ្ឋ Victoria ដែលប្រឈមមុខទៅនឹងស្ថានភាពអាកាសធាតុមិនអំណោយផលខ្លាំង ក្នុងរយៈពេល៤ឆ្នាំមកនេះ។ កម្រិតចំហេះព្រៃខ្លាំង ត្រូវបានចេញសម្រាប់ផ្នែកធំៗនៃរដ្ឋ Victoria ក្នុងកម្រិតព្រមានខ្ពស់។ ការិយាល័យ ឧតុនិយម បាននិយាយថា ទីក្រុងម៉ៃឌូរ៉ា( Mildura) ជាទីក្រុងជនបទមួយ មានប្រជាជនប្រមាណ ៥៦.០០០ នាក់ អាចជួបប្រទះសីតុណ្ហភាព៤៥អង្សាសេ។
តំបន់រងផលប៉ះពាល់ដោយចំហេះព្រៃខ្លាំង ដែលគ្របដណ្តប់លើទីក្រុងជនបទជាច្រើន ត្រូវបានកំណត់អត្តសញ្ញាណ ខណៈក្រុមមន្ត្រី បានជំរុញប្រជាជនប្រមាណ៣០.០០០នាក់ នៅទីនោះឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ នៅព្រឹកថ្ងៃពុធនេះ។ រលកកម្តៅ ត្រូវបានកំណត់ថាវាយបក់ ពីក្នុងប្រទេសអូស្ត្រា បក់ឆ្ពោះឆ្លងកាត់រដ្ឋ Victoria មុនពេលទំនងជាផ្លាស់ប្តូរទៅភាគខាងកើត ទៅកាន់រដ្ឋ New South Wales នៅថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ នៅតែប្រយុទ្ធទប់ស្កាត់ចំហេះព្រៃដ៏ធំនៅជិតទីក្រុង Ballarat មានចម្ងាយ ៩៥ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងមែលប៊ន។ ចំហេះព្រៃ ដែលបានឆេះរាលដាល ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបំផ្លាញលំនៅឋាន៦ខ្នងរួចមកហើយ បណ្តាលឲ្យសត្វចិញ្ចឹមងាប់ និងបានឆេះរាលដាល់លើផ្ទៃដី២០.០០០ ហិចតា។