
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីដោះស្រាយភាពតានតឹង នៅសមុទ្រក្រហម ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian)។
ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីររូប បានជួបគ្នានៅខាងក្រៅផ្នែកកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
ក្នុងអំឡុងជំនួបនោះ លោក Shoukry បានសម្តែងការព្រួយបារម្ភចំពោះការរីករាលដាលនៃភាពតានតឹងផ្នែកយោធានៅក្នុងតំបន់សមុទ្រក្រហមភាគខាងត្បូង ដែលបង្កការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមកចំពោះផ្លូវនាវាចរណ៍អន្តរជាតិដ៏សំខាន់បំផុតនេះ។
ដោយកត់សម្គាល់ឃើញថា ការគំរាមកំហែងបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាច្រើនរួមទាំងអេហ្ស៊ីបផងដែរ ប្រមុខការទូតអេហ្ស៊ីបរូបនេះ បានបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីគាំទ្រស្ថិរភាព និងសន្តិភាព និងទប់ស្កាត់ភាពតានតឹង នៅក្នុងតំបន់នេះ។
ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi )បាននិយាយកាលពីសប្តាហ៍មុនថា ព្រែកជីកស៊ុយអេ (Suez) របស់ប្រទេសអេហ្ស៊ីប ដែលធ្លាប់គ្រប់គ្រងពាណិជ្ជកម្មពិភពលោកចំនួន ១២ភាគរយ បានទទួលរងនូវការធ្លាក់ចុះប្រាក់ចំណូលពី ៤០-៥០ភាគរយ ចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប និងភាពតានតឹងនាពេលថ្មីៗនេះ នៅសមុទ្រក្រហម។