
កាលពីថ្ងៃអង្គារម្សិលមិញ ព្រះមហាក្សត្រកាតាព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al-Thani បានចាប់ផ្តើមការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃរបស់ទ្រង់ ទៅកាន់ប្រទេសបារាំង ក្នុងនោះសង្រ្គាមហ្កាហ្សា ស្ថិតនៅលើរបៀបវារៈ ។
ការិយាល័យរបស់ព្រះអង្គម្ចាស់ Al Thani បាននិយាយថា ទ្រង់ និងមេដឹកនាំក្រុមហាម៉ាស់ បានពិភាក្សាលើកិច្ចខិតខំរបស់កាតា ក្នុងការរៀបចំកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងអចិន្រ្តៃយ៍នៅតំបន់ហ្កាហ្សាស្រ្ទីប ។
ប្រភពព័ត៌មាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គណៈប្រតិភូការងារអ៊ីស្រាអែល បានធ្វើដំណើរទៅកាន់កាតា ដើម្បីបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការគាំទ្រកិច្ចចរចា ។ បេសកកម្មរបស់ពួកគេនឹងរួមបញ្ចូលការពិនិត្យមើលក្រុមជីវពលប៉ាឡេស្ទីនស្នើសុំ ដែលក្រុមហាម៉ាស់ចង់ដោះលែងនៅក្នុងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ។
កាលពីព្រឹកថ្ងៃអង្គារ ព្រះអង្គម្ចាស់ Al Thani និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនរវាងប្រទេសទាំង ២ ។
ខណៈពេលនោះដែរ តារាបាល់ទាត់ Kylian Mbappe ស្ថិតនៅក្នុងចំណោមភ្ញៀវកិត្តិយសដែលលោក Macron អញ្ជើញឲ្យចូលរួមក្នុងពិធីលៀងសាយភោជន៍ នៅទីក្រុងប៉ារីស ជាមួយព្រះអង្គម្ចាស់ Al Thani ៕