
រូបភាពវីដេអូឃ្លីបពីលើផ្ទៃមេឃក្រុងញូវយ៉ក ឃើញទីក្រុងមួយនេះ គ្របដណ្តប់ដោយអ័ព្ទយ៉ាងក្រាស់ ស្របពេលដែលអាកាសធាតុខុសពីធម្មតា បានវាយប្រហារសហរដ្ឋអាមេរិក ។
ប្រជាពលរដ្ឋសហដ្ឋអាមេរិកមួយចំនួន បានផ្លាស់ពីការស្លៀកខោខ្លី ទៅជាស្លៀកខោរងា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ពេលដែលរលកកម្តៅនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង ប្រែក្លាយទៅជាអាកាសធាតុត្រជាក់ខ្លាំងវិញ ។
សីតុណ្ហភាពកាលពីថ្ងៃចន្ទ នៅតាមរដ្ឋមួយចំនួនដូចជារដ្ឋ Nebraska និងរដ្ឋ Iowa ទាបជាង ២០អង្សាសេ ឬប្រហែល ២២អង្សាសេ ដែលជាកម្រិតលើសពីសីតុណ្ហភាពមធ្យមអំឡុងពេលនេះ ខណៈទីក្រុងជាច្រើនទៀតនៅតំបន់ភាគខាងត្បូង ដូចជានៅទីក្រុង Dallas ស្ថិតក្នុងរដ្ឋ Texas មានសីតុណ្ហភាពប្រហែល ៣០អង្សាសេ ។
រលកកម្តៅនៅក្នុងសប្តាហ៍នេះ បានកើតមានបន្ទាប់ពីមានអាកាសធាតុខុសពីប្រក្រតីនៅទូទាំងសហរដ្ឋអាមេរិកអំឡុងរដូវរងា ចាប់ពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ California រហូតដល់កម្រិតទាបជាប្រវត្តិសាស្រ្តនៃទឹកកកគ្របដណ្តប់ពីលើបឹង Great ។
ក្រុមព្យាករណ៍ឧតុនិយម និយាយថា ពួកយើងពិបាកកំណត់លំនាំអាកាសធាតុតែមួយខ្លាំងណាស់ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុបណ្តាលមកពីមនុស្ស ប៉ុន្តែអាកាសធាតុអាក្រក់បែបនេះ កាន់តែកើតឡើងញឹកញាប់ជាងមុន ដោយសារតែវា ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បាតុភូតអាកាសធាតុអែល នីញ៉ូ រួមចំណែកដ៏សំខាន់ចំពោះអាកាសធាតុខុសពីធម្មតាបែបនេះ ៕