
នៅថ្ងៃពុធនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអាល់បានីលោក Edi Rama ក្នុងទីក្រុង Tirana មុនកិច្ចប្រជុំកំពូលសន្តិសុខនៅក្នុងរដ្ឋធានីរបស់ប្រទេសអាល់បានីមួយនេះ ។
កិច្ចប្រតិបត្តិការការពារជាតិ សន្តិភាព និងសន្តិសុខ ស្ថិតនៅលើរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលអ៊ុយក្រែន-អឺរ៉ុបអាគ្នេយ៍ ដែលនឹងមានការចូលរួមពីក្រុមមេដឹកនាំជាច្រើន មកពីបណ្តាលប្រទេសបាល់កង់ខាងលិច ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អ៊ុយក្រែន បានប្រារព្ធខួប ២ឆ្នាំ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការវាយលុករបស់ពួកគេលើអ៊ុយក្រែន ។
ក្រោយជោគជ័យដំបូងនៃការវាយបកកងទ័ពរុស្ស៊ី អ៊ុយក្រែន បានទទួលរងដំណើរថយក្រោយជាច្រើន កាលពីពេលថ្មីៗនេះ នៅលើសមរភូមិមុខ នៅតំបន់ភាគខាងកើតរបស់ពួកគេ ក្នុងនោះក្រុមឧត្តមសេនីយ៍កងទ័ពទីក្រុងគីវ បានត្អូញត្អែពីកង្វះខាតកើនឡើងទាំងអាវុធ និងទាហាន ។
គួរឲ្យដឹងថា លោក Zelenskiy បានអញ្ជើញដល់រដ្ឋធានី Tirana របស់ប្រទេសអាល់បានី កាលពីល្ងាចថ្ងៃអង្គារ នៅមុនជំនួបកំពូលសន្ដិសុខ ៕