ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីទាំងអស់ត្រូវបង្កើន និងពង្រឹងផែនការហ្វឹកហាត់ឲ្យបានគត់មត់ ដ្បិតការពន្យារពេលការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាមគឺជាឱកាសល្អមួយ ដើម្បីបង្កើនគុណផលកីឡាត្រៀមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍យុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ការលើកឡើងនេះបន្ទាប់ពីម្ចាស់ផ្ទះវៀតណាម និងបណ្ដាប្រទេសសមាជិកអាស៊ានបានឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងការសម្រេចមិនរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២១ ដោយលើកទៅរៀបចំនាចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឲ្យខាត់បង់ពេលវេលាប្រមូលផ្ដុំហ្វឹកហាត់ជាច្រើន ដូច្នេះការពន្យារពេលរៀបចំស៊ីហ្គេមនៅវៀតណាម គឺជាឱកាសល្អមួយដែលសហព័ន្ធ និងកីឡាករ-កីឡាការិនីត្រូវពង្រឹងការប្រមូលផ្ដុំហ្វឹកហាត់ឲ្យបានសស្រាក់សស្រាំ ដើម្បីត្រៀមខ្លួនចូលរួមប្រកួត និងដណ្ដើមមេដាយ ព្រោះនេះគឺជាហ្គេមយុទ្ធសាស្ត្រដ៏សំខាន់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ឆ្លៀតឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ដដែល ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសសមាជិកស៊ីហ្គេម ចូលរួមផ្សព្វផ្សាយអំពីស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ហើយបណ្ដាប្រទេសអាស៊ានក៏បានសម្ដែងនូវក្ដីរីករាយ និងប្ដេជ្ញាជួយផ្សព្វផ្សាយ ព្រមទាំងកោតសរសើរចំពោះជំហរ និងការត្រៀមខ្លួនដ៏រឹងមាំរបស់កម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាបវត្តិសាស្ត្រលើទឹកដីរបស់ខ្លួននេះផងដែរ។ គួរដឹងថា ដំបូងឡើយស៊ីហ្គេមនៅវៀតណាមគ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ប៉ុន្តែដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាមបានស្នើបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីពន្យារពេល ខណៈជម្រើសចុងក្រោយ រដ្ឋាភិបាលទីក្រុងហាណូយ បានសម្រេចជ្រើសយកសេណារីយ៉ូទី២ ដោយពន្យារពេលទៅរៀបចំនាចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ហើយការសម្រេចចិត្តនេះ ក៏ទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ានផងដែរ៕
អត្ថបទ៖ លី ឈុនឡា